គម្រោង​ស្ពាន​អាកាស​ថ្មី​ចំនួន ២ នៅ ភ្នំពេញ តម្លៃ​ជាង ៤៦ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​​សាង​សង់នា​ព្រឹក​នេះ

ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង រាជធានី​ភ្នំពេញ​ចំនួន ២ ដែលមាន​តម្លៃ​សរុប​ជាង ៤៦ លាន​ដុល្លារ​អាមេរិក ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ៣១ ខែសីហា​នេះ។

ស្ពាន​អាកាស​ថ្មី​ចំនួន ២ ខាងលើនេះ រួមមាន ស្ពាន​ទី ១ ស្ថិតនៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយ​ផ្លូវ​លេខ ២៧១ (វិថី​កងយោធពល​ខេមរភូមិន្ទ) ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ។ ស្ពាន​អាកាស​ទី ២ ស្ថិតនៅ​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ជាមួយ​ផ្លូវ​លេខ ២០០៤ (មហាវិថី​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល) ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ស្ពាន​អាកាស​ដែល​ស្ថិតនៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ-២៧១ ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ ត្រូវបាន សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រសិទ្ធ​នាម​ថា «ស្ពាន​អាកាស​ព្រះមុនីវង្ស» ខណៈដែល​ស្ពាន​អាកាស​នៅ​ចំណុចប្រសព្វ​រវាង មហាវិថី​សហព័ន្ធរុស្ស៊ី និង​ផ្លូវ​លេខ ២០០៤ ក្នុង ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ហៅថា «ស្ពាន​អាកាស គង់ សំអុល»។

គិត​មកដល់​បច្ចុប្បន្ន រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន ៧ កន្លែង រួមទាំង​ស្ពាន​អាកាស​ចំនួន ២ ដែល​ត្រូវ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅ​ព្រឹក​នេះ៕

Advertisement