ទួ​រ​ប៊ី​ន​ខ្យល់​ផលិត​អគ្គិសនី​លើ​សមុទ្រ​កម្ពស់​ស្មើនឹង​អគារ 70 ជាន់​របស់​ក្រុមហ៊ុន MingYang

ក្រុមហ៊ុន​ចិន អភិវឌ្ឍ​ទួ​រ​ប៊ី​ន​ខ្យល់​ដែលមាន​ស្លាប​កង្ហារ​វិល​ក្នុង​ផ្ទៃក្រឡា​ឡើងដល់ជាង 66,000 ម៉ែត្រក្រឡា និង​អាច​ផលិត​អគ្គិសនី​បាន 80 GWh ជា​រៀងរាល់ឆ្នាំ។

កាលពី​ថ្ងៃទី 06 មករា ក្រុមហ៊ុន​សាងសង់​កប៉ាល់​ចិន (CSSC) បានប្រកាស​បង្ហាញ​ទួ​រ​ប៊ី​ន​ខ្យល់ (Wind turbine) H260 18MW យកឈ្នះ​លើ MySE 16.0-242 របស់​ក្រុមហ៊ុន MingYang និង​ក្លាយជា​ទួ​រ​ប៊ី​ន​ខ្យល់​ធំជាងគេ​បង្អស់​​នៅ​លើ​ពិភពលោក។ ក៏ប៉ុន្តែ ពេលនេះ MingYang បាន​វិល​មករក​ការប្រកួត ដោយ​បង្ហើប​ឱ្យដឹងពី​កំណែ​ទួ​រ​ប៊ី​ន​ខ្យល់​ថ្មី​ដែល​ធំ​ជាង​ឆ្ងាយ និង​មាន​ឈ្មោះថា MySE 18.X-28X ដោយ​មាន​កម្ពស់​ប្រហាក់ប្រហែល​នឹង​អគារ 70 ជាន់ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 15 មករា 2023។

ក្នុង​គ្រា​ដែល H260 18MW របស់ CSSC មាន​ស្លាប​កង្ហារ​ប្រវែង 128 ម៉ែត្រ ទួ​រ​ប៊ី​នខ្យល់ MySE 18.X-28X ​របស់ MingYang នឹងមាន​កម្លាំង​លើសពី 18 MW ដោយមាន​ស្លាប​កង្ហារ​ប្រវែង 140 ម៉ែត្រ និង​វិល​ក្នុង​ផ្ទៃក្រឡា​ឡើងដល់ 66,052 ម៉ែត្រការ៉េ។

ក្រុមហ៊ុន MinhYang ឱ្យដឹងថា ទួ​រ​ប៊ី​ន​ខ្យល់​ថ្មី​នេះ​អាច​ទប់ទល់​រាល់​ស្ថានភាព​អាកាសធាតុ​នៅលើ​សមុទ្រ រួមទាំង​ព្យុះ​ធំ​ដែលមាន​កម្លាំង​ខ្យល់​លើសពី 202 គីឡូម៉ែត្រ/ម៉ោង។ ដោយមាន​ខ្យល់​លើ​សមុទ្រ​ជា​មធ្យម 30.6 គីឡូម៉ែត្រ/ម៉ោង ក្រុមហ៊ុន​នេះ​ព្យាករ​ថា ទួ​រ​ប៊ី​ន​នេះ​នឹង​ផលិត​អគ្គិសនី​បាន 80 GWh ក្នុងមួយឆ្នាំៗ ដែល​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​ប្រជាជន 96,000 នាក់។

មូលហេតុ​ដែលនាំឱ្យ​បណ្ដា​ក្រុមហ៊ុន​នេះ​គ្នា​ផលិត​ទួ​រ​ប៊ី​ន​ខ្យល់ធំៗ គឺ​ដោយ​សារ​ចង់​​កាត់បន្ថយ​ការចំណាយ​ក្នុងការ​សាងសង់។ MingYang ឱ្យដឹងថា «ធៀប​នឹង​ការដំឡើង​បណ្ដា​ទួ​រ​ប៊ី​ន​ខ្យល់ 13 MW កម្លាំង​របស់ MySE18.X-28X នឹង​ជួយ​កាត់បន្ថយ​ឧបករណ៍​បាន 18 គ្រឿង​នៅពេល​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់ 1 GW។ នេះ​មានន័យថា កាត់បន្ថយ​ការចំណាយ​ក្នុងការ​សាងសង់​បាន​ប្រហែល​ពី 120,000 ទៅ 150,000 ដុល្លារ/MW»។ ដូច្នេះ គម្រោង​មួយ​ដែលផលិត​អគ្គិសនី​បាន​ 1 GW នឹង​សំច័យ​ប្រាក់​បាន​ពី 120 លាន​ទៅ 150 លាន​ដុល្លារ​អាម៉េរិក៕

Advertisement