វៀតណាម មាន​គម្រោង​ស្ថាបនា​ផ្លូវដែក​សម្រាប់​រថភ្លើង​ល្បឿន​លឿន រត់​ពី ហាណូយ ទៅ ហូជីមិញ ចំណាយពេល ៦ ម៉ោង

រថភ្លើង​ល្បឿនលឿន​នៅ ប្រទេស​ជប៉ុន

ក្រសួង​ចរាចរណ៍ និង​ដឹកជញ្ជូន​របស់ វៀតណាម បានស្នើ​គម្រោង​រថភ្លើង​ល្បឿន​លឿន​ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​ទៅនឹង​រថភ្លើង Shinkanshen នៅ ប្រទេស​ជប៉ុន។ បើសិន​ត្រូវបាន​អនុម័ត​យល់ព្រម ប្រទេស​នេះ​នឹងមាន​ផ្លូវដែក​ល្បឿន​លឿន​ដែល​អាច​ភ្ជាប់​ពី​ភាគ​ខាងជើង ដល់​ភាគខាងត្បូង ដោយ​ចំណាយ​ពេល​ដ៏​ខ្លី​ក្នុងការ​ធ្វើ​ដំណើរ​។

គម្រោង​ផ្លូវដែក​ល្បឿន​លឿន​ឧ​ត្ត​រ-ទក្សិណ របស់ វៀតណាម គ្រោង​នឹងត្រូវ​បានដាក់​ឡើងទៅ​កាន់​ការិយាល័យ​​នយោបាយ ដើម្បី​ត្រួតពិនិត្យ និង​ណែនាំ​នៅក្នុង​ខែកញ្ញា​ខាងមុខ។ បើសិន​ត្រូវបាន​អនុម័ត​យល់ព្រម នេះ​នឹង​ក្លាយជា​ជំហាន​សំខាន់​សម្រាប់​គម្រោង​ដែល​ប្រកបដោយ​ការលំបាកនេះ។

សារព័ត៌មាន​វៀតណាម បានឱ្យដឹងថា តាម​គម្រោង ១០ ឆ្នាំ​ទៀត ប្រទេស​នេះ​នឹងមាន​ផ្លូវ​រថភ្លើង​ល្បឿន​លឿន។ ក៏ប៉ុន្តែ មកដល់​បច្ចុប្បន្ន គម្រោង​នេះ​កំពុងស្ថិត​នៅក្នុង​តំណាក់កាល​ជជែក​គ្នា និង​មិនទាន់បាន​ជ្រើសរើស​បច្ចេក​វិទ្យា និង​ល្បឿន​កម្រិតណា​នៅឡើយ។

បើសិន​ជាមាន​រថភ្លើង​ល្បឿន​លឿន​ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​ទៅនឹង​រថភ្លើង Shinkanshen នៅ ជប៉ុន នោះគេ​នឹង​ចំណាយ​តែ ៦ ម៉ោង​ប៉ុណ្ណោះ​ក្នុងការ​ធ្វើដំណើរ​ពី រដ្ឋធានី​ហាណូយ ទៅកាន់ ទីក្រុង​ហូជីមិញ (ព្រៃនគរ ឬ​សាយ​ហ្ក​ន) ដែល​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​ការធ្វើដំណើរ​ទៅ​ព្រលានយន្តហោះ បំពេញបែបបទ និង​ជិះ​យន្តហោះ​ទៅកាន់ ទីក្រុង​ហូជីមិញ ដែល​ត្រូវ​ចំណាយ​ប្រហែល ៥ ម៉ោង​នាបច្ចុប្បន្ន៕

Advertisement