ស្ពាន​ផ្លូវដែក​ដែល​ខ្ពស់ជាង​តួ Eiffel ស្ថាបនា​ជិត​រួចរាល់​ហើយ (វីដេអូ)

(ឥណ្ឌា)-ការ​ស្ថាបនា​ស្ពាន Chenab ដែលជា​ស្ពាន​ផ្លូវដែក​មាន​ទម្រ​កោង​តែមួយ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​កម្ពស់​ពី​ទឹកទន្លេ​ប្រមាណ ៣៥៩ ម៉ែត្រ ​បច្ចុប្បន្នសម្រេចបាន​ប្រហែល ៩៨%។

កំណាត់​ចុងក្រោយ​នៃ​ផ្ទៃ​ស្ពាន​ផ្លូវដែក​ដែល​ខ្ពស់ជាង​តួ Eiffel នេះ ត្រូវបាន​ដំឡើង​កាលពី​ថ្ងៃទី ១៣ សីហា។ ស្ពាន Chenab នៅ Kashmir នៃ ប្រទេស​ឥណ្ឌា ខ្ពស់ជាង​តួ Eiffel ប្រហែល ២៩ ម៉ែត្រ។ ស្ពាន​នេះ​មាន​កម្ពស់ ៣៥៩ ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកទន្លេ Chenab ដែល​ស្ថិតនៅ​ខាងក្រោម។

ស្ពាន Chenab នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នាពេលឆាប់ៗខាងមុខ។ ស្ពាន​នេះ​នឹង​ជួយ​បង្កើន​ការតភ្ជាប់​រវាង​តំបន់​នានា​នៅ Kashmir។ Chenab ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​តាំងពី​ឆ្នាំ ២០០៤ ប៉ុន្តែ សំណង់​នេះ​ត្រូវបាន​ពន្យារពេល​អស់​មួយ​រយៈ។

ក្រុម​វិស្វករ​ឱ្យដឹងថា ការងារ​ប្រមាណ ៩៨% ត្រូវបានធ្វើ​រួចរាល់ បន្ទាប់ពី​បាន​ដំឡើង​ផ្ទៃ​របស់​ស្ពាន។ ស្ពាន​ដែលមាន​ប្រវែង ១,៣១៥ ម៉ែត្រ​នេះ ស្ថិតក្នុង​ចំណោម​ស្ពាន​ចំនួន ១៦ ដែល​កំពុង​ត្រូវបាន​ស្ថាបនា​នៅក្នុង​តំបន់ Kashmir។

ស្ពាន​ផ្លូវដែក Chenab ត្រូវបាន​រចនា​ឡើង​ក្នុង​បំណង​​អាច​ទប់​ទល់នឹង​ខ្យល់​ដែលមាន​ល្បឿន ២៦៦ គីឡូម៉ែត្រ/ម៉ោង ដែល​តែង​កើត​មាន​នៅ​តំបន់​នេះ​៕

Advertisement