មហាសេដ្ឋី Elon Musk ជិត​ស្ថាបនា​ព្រលានយន្តហោះ​ផ្ទាល់ខ្លួន

ព្រលានយន្តហោះ​ឯកជន​ដែល​គ្រោង​នឹង​សាងសង់​នេះ ត្រូវបាន​គេ​ជឿថា នឹង​ផ្ដល់​ភាពងាយស្រួល​សម្រាប់​មហា​សេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ក្នុងការ​ធ្វើដំណើរ​ពិនិត្យមើល​រោងចក្រ​នានា​របស់ខ្លួន។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla និង​ក្រុមហ៊ុន​អវកាស SpaceX លោក Elon Musk ទើបតែ​បានប្រកាសថា នឹង​សាងសង់​ព្រលានយន្តហោះ​ផ្ទាល់ខ្លួន​នៅ​ភាគ​ខាងកើត​នៃ​តំបន់ Austin រដ្ឋ Texas នេះ​បើតាម​ប្រភពព័ត៌មាន​មួយ​ពី​ទំព័រ Austonia។

បើទោះជា​ពេលវេលា​នៃ​ការបើក​ការដ្ឋាន​សាងសង់ និង​ទីតាំង​ជាក់លាក់​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​ច្បាស់ ប៉ុន្តែ​ប្រភព​មួយចំនួន​ដែល​ជិតស្និទ្ធ​នឹង​មហាសេដ្ឋី Elon Musk បាន​បញ្ជាក់ថា ព័ត៌មាន​ខាងលើ​គឺ​ពិតជា​ត្រឹមត្រូវ។

ព្រលានយន្តហោះ​ឯកជន​នេះ​ត្រូវបាន​គេ​ជឿថា នឹង​ផ្ដល់​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​ទៅកាន់​រោងចក្រ​ទាំងឡាយ​របស់លោក Musk នៅ​តំបន់ Austin ដោយសារ​ថា រោងចក្រ​ទាំង ៣ កន្លែង​របស់លោក Musk សុទ្ធតែ​ស្ថិតនៅក្នុង​តំបន់ Austin។

ទោះជា​យ៉ាងណាក៏ដោយ ការសាងសង់​ព្រលានយន្តហោះភ្លាមៗបែបនេះ​គឺជា​រឿង​មិនអាច​ទៅរួច ដោយសារ​ថា លោក Musk នឹង​ត្រូវការ​ការយល់​ព្រម​ពី​ស្ថាប័ន​ការពារ​បរិស្ថាន​អាម៉េរិក EPA និង​នាយកដ្ឋាន​អាកាសចរណ៍​អាម៉េរិក FAA៕

Advertisement