អា​រ៉ា​ប៊ី​សា​អូឌីត​សាងសង់​អគារ​រាង​គូប មាន​កម្ពស់ 400 ម៉ែត្រ (មានវីដេអូ)

រាជរដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ប្រកាស​អំពី​គម្រោង​សាងសង់​អគារ​កប់​ពពក​មួយ​ដែលមាន​រាង​ជា​គូប កម្ពស់ 400 ម៉ែត្រ ​​ក្នុង​មជ្ឈមណ្ឌល Murabba នៅ​រាជធានី​រី​យ៉ា​ដ និង​​មាន​ឈ្មោះថា Mukaab។

តំបន់ Murabba ដែលមាន​ទំហំ 19 គីឡូ​ម៉ែត្រក្រឡា នឹង​ក្លាយជា​មជ្ឈមណ្ឌល​ថ្មី​របស់​រាជធានី​រី​យ៉ា​ដ។ តំបន់​នេះ​នឹងត្រូវ​អភិវឌ្ឍ​ជុំវិញ​អគារ Mukaab ដែលជា​ស្ថាបត្យកម្ម​ធំជាងគេ​បំផុត​មួយ​របស់​ពិភពលោក។ អគារ Mukaab មាន​កម្ពស់ 400 ម៉ែត្រ និង​បណ្ដោយ ឬ​ទទឹង​ប្រវែង 400 ម៉ែត្រ។ យោងតាម Dezeen នេះ​គឺជា​អគារ​ខ្ពស់​ជាងគេ​បង្អស់​នៅក្នុង​ទីក្រុង និង​អាចដាក់​មនុស្ស​បាន​រាប់សែន​នាក់។

អគារ​មាន​រូបរាង​ជា​គូប​នេះ​នឹង​បិទ​ជិត​មួយផ្នែក ដែល​រួមមាន​រូបរាង​ត្រីកោណ​ជាច្រើន​ត្រូវបាន​តម្រួត​លើ​គ្នា។ អគារ​នេះ​នឹងមាន​លំហ​មិនមាន​ជាន់​រហូតដល់​កំពូល ហើយ​​ខាងក្នុង​មាន​អគារ​មួយ​ដែលមាន​រាង​ដូច​គូទ​ខ្យង។

រចនាសម្ព័ន្ធ​ និង​ប្រភេទ​សេវាកម្ម​របស់​អគារ Mukaab

រាជទាយាទ Mohammed bin Salman របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រកាស​បង្កើត​ក្រុមហ៊ុន New Murabba Development ដើម្បី​កែប្រែ​តំបន់​កណ្ដាល​រាជធានី​រី​យ៉ា​ដ តាមរយៈ​ការសាងសង់​អគារ​ខាងលើ​ដែល​នឹង​នាំមក​នូវ​បទពិសោធន៍​រស់នៅ ធ្វើការ និង​កំសាន្ត​យ៉ាង​ពិសេស។ គម្រោង​នេះ​នឹង​ផ្ដោតលើ​ស្ថិរភាព ដោយមាន​តំបន់​បៃតង ផ្លូវ​សម្រាប់​ថ្មើរជើង និង​ជិះ​គង់ ក្នុង​បំណង​ជួយ​លើកកម្ពស់​គុណភាព​ជីវិត។ តំបន់ Murabba នឹងមាន​សារមន្ទីរ សាលា​មហាវិទ្យាល័យ​ផ្នែក​បច្ចេកវិទ្យា​និង​ស្ថាបត្យកម្ម សាល​មហោស្រព ទីតាំង​កំសាន្ត និង​ទីតាំង​វប្បធម៌​ជាង 80 កន្លែង។

គម្រោង​សាងសង់​អគារ​កប់​ពពក​ Mukaab ​ដែលមាន​រាង​ជា​គូប កម្ពស់ 400 ម៉ែត្រ នៅ​រាជធានី​រី​យ៉ា​ដ

Murabba នឹងមាន​ផ្ទៃ​របស់​ជាន់​នានា​សរុប​​ជាង 25 លាន​ម៉ែត្រក្រឡា ដោយមាន​មនុស្ស​រស់នៅ​ចំនួន 104,000 គ្រួសារ, មាន​បន្ទប់​សណ្ឋាគារ​ចំនួន 9,000, កន្លែង​លក់រាយ​មាន​ទំហំ​សរុប 980,000 ម៉ែ​ទ្រ​ក្រឡា, ការិយាល័យ 1.4 លាន​ម៉ែត្រក្រឡា, ទីតាំង​កំសាន្ត 620,000 ម៉ែត្រក្រឡា និង​សហគមន៍​មូលដ្ឋាន 1.8 លាន​ម៉ែត្រក្រឡា។ គម្រោង Murabba នឹងមាន​ប្រព័ន្ធ​ចរាចរណ៍​ក្នុង​ក្រុង និង​មាន​ចម្ងាយ​ពី​ព្រលាន​យន្ត​តែ 20 នាទី​ប៉ុណ្ណោះ នៅពេល​ជិះឡាន។ តាម​ការ​គណនា គម្រោង​នេះ​នឹង​បង្កើតបាន​ការងារ​ថ្មី​ចំនួន 334,000 កន្លែង​នៅពេល​សាងសង់​រួចរាល់​នៅ​ឆ្នាំ 3030៕

Advertisement