ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ទីក្រុង​បណ្ដោយ​ត្រង់​ប្រវែង ១៧០ គីឡូម៉ែត្រ ឆ្លងកាត់​សមុទ្រ​ខ្សាច់ (វីដេអូ)

(អា​រ៉ា​ប៊ី​សា​អូឌីត)-ទីក្រុង​បណ្ដោយ​ត្រង់ The Line នៅ អា​រ៉ា​ប៊ី​សា​អូឌីត គ្រោង​នឹងដាក់​មនុស្ស​បាន ៩ លាន​នាក់ ដោយមាន​ផ្ទៃក្រឡា ៣៤ គីឡូម៉ែត្រ និង​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ទាំងស្រុង។

ព្រះអង្គម្ចាស់ Mohammed bin Salman ដែលជា​រាជទាយាទ​របស់ អា​រ៉ា​ប៊ី​សា​អូឌីត បានប្រកាស​គម្រោង​សាងសង់​ទីក្រុង​បណ្ដោយ​ត្រង់ The Line កាលពី​ខែមករា ២០២១។ គោលដៅ​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ បំណង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រេង​រ៉ែ។

កាលពី​ថ្ងៃទី ២៥ កក្កដា ព្រះអង្គម្ចាស់ Mohammed bin Salman បាន​បង្ហើប​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ទីក្រុង​នេះ។ ទីក្រុង​នេះ​គ្រោង​នឹង​ត្រូវបាន​បើកទ្វារ​ចាប់ពី​ឆ្នាំ ២០៣០។ ប៉ុន្តែ ក្រុម​វិស្វករ​វាយតម្លៃថា សំណង់​នេះ​នឹងត្រូវ​ការ​ពេល​សាងសង់​ក្នុង​រង្វង់ ៥០ ឆ្នាំ។

The Line នឹងត្រូវ​បាន​កសាង​នៅលើ​ផ្ទៃដី​ប្រហែល ៣៤ គីឡូម៉ែត្រ​ក្រឡា អាចឱ្យ​មនុស្ស ៩ លាន​នាក់​រស់នៅ​ប្រកបដោយ​ផាសុកភាព ដោយសារ​មានអ្វីៗស្ទើរ​គ្រប់យ៉ាង តាំងពី​សួន​សាធារណៈ តំបន់​សម្រាប់​ថ្មើរជើង សាលារៀន ផ្ទះ​ស្នាក់នៅ កន្លែងធ្វើការ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម។ល។

ប្រជាជន​នៅក្នុង​ទីក្រុង The Line អាច​ផ្លាស់​ទី​ទៅតាម​ទិស​ចំនួន ៣ គឺ ឡើង ចុះ និង​ត្រង់​ទៅ​ត្រង់​មក និង​ដោះស្រាយ​តម្រូវការ​ប្រចាំថ្ងៃ​ដោយ​ចំណាយពេល​ដើរ​តែ ៥ នាទី។ សំណង់​របស់​ទីក្រុង​នេះ អាច​ឱ្យគេ​ផ្លាស់​ទី​ពី​ចុង​ខាងអាយ ទៅកាន់​ចុង​ខាងនាយ​ដោយ​ប្រើពេល​តែ ២០ នាទី ហើយក៏​មិនចាំបាច់​មាន​រថយន្ត ដូច្នេះ ក៏​មិន​បំ​ភាយ​ឧស្ម័ន​កាបូន។

ព្រោះតែ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត សេវាកម្ម​នានា​នឹង​ដំណើរការ​ដោយ​ស្វ័យប្រវត្ត ជួយ​កាត់បន្ថយ​ពេលវេលា និង​កម្លាំងកាយ។

ទីក្រុង The Line មាន​កម្ពស់ ៥០០ ម៉ែត្រ ខ្ពស់ជាង​អគារ Empire State (៤៥០ ម៉ែត្រ) នៅ សហរដ្ឋ​អាម៉េរិក និង​តួ Eiffel (៣៣០ ម៉ែត្រ) នៅ ប្រទេស​បារាំង។ The Line មាន​ទទឹង​ប្រវែង ២០០ ម៉ែត្រ, បណ្ដោយ ១៧០ គីឡូម៉ែត្រ។

ដំណោះស្រាយ​ឆ្លាត​វៃ​នាំមក​នូវ​ប្រសិទ្ធភាព​ខ្ពស់ ខណៈដែល​អាកាសធាតុ​ត្រូវបាន​រក្សា​ឱ្យនៅ​កម្រិត​ល្មម ស្រួល​រស់នៅ​ពេញ​មួយឆ្នាំ ដោយមាន​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​តាម​ធម្មជាតិ។ ចំណែក​ប្រភពទឹក និង​ថាមពល​ក៏​សុទ្ធតែជា​ប្រភេទ​កកើត​ឡើងវិញ និង​កែច្នៃ​ឡើងវិញ​បាន។

The Line នឹងត្រូវ​បាន​កសាង​នៅក្នុង​ខេត្ត Tabuk ភាគ​ពាយព្យ​នៃ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។ ពី​ទីនេះ គេ​អាចធ្វើ​ដំណើរ​ទៅកាន់​ទីតាំង​ប្រមាណ ៤០% នៅក្នុង​ពិភពលោក ដោយ​ប្រើពេល​តែ ៦ ម៉ោង។ ទីក្រុង​នេះ​ក៏ត្រូវ​បាន​គេ​ឃោសនា​ថា​ជា​មជ្ឈមណ្ឌល​នៃ​បណ្ដា​ដងផ្លូវ​ពាណិជ្ជកម្មសំខាន់ៗផងដែរ៕

Advertisement