ក្រសួង​សាធារណការ ប្រកាស​ពី​វឌ្ឍនភាព​នៃ​គម្រោង​ស្តារឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ 8 ចាប់ពី​គីឡូម៉ែត្រ 25+820 ដល់​គីឡូម៉ែត្រ 29+300

រដ្ឋលេខាធិការ​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី 15 ធ្នូ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​របស់​ក្រសួង ចុះ​ពិនិត្យ​ការដ្ឋាន​គម្រោង​ស្ដារឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ 8 ចាប់ពី​គីឡូម៉ែត្រ 25+820 ដល់​គីឡូម៉ែត្រ 29+300។

ឯកឧត្តម នូ សុវត្ថិ រដ្ឋលេខាធិការ​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ឱ្យ​ក្រុម​វិស្វកម្ម​ដែល​ទទួល​អនុវត្ត​គម្រោង ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​កិច្ចសន្យា និង​ត្រូវ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

គម្រោង​ស្ដារឡើងវិញ​កំណាត់​ផ្លូវជាតិ​ខាងលើ មាន​ប្រវែង​សរុប 2,480 ម៉ែត្រ និង​ទទឹង 24.51 ម៉ែត្រ ក្នុងនោះ​ក៏មាន​សួនច្បារ​ទទឹង 3 ម៉ែត្រ​នៅ​កណ្ដាល​ទ្រូងផ្លូវ ព្រមទាំង​មាន​លូបង្ហូរទឹក​ភ្លៀង​នៅ​សងខាង​ផ្លូវ និង​មាន​បំពាក់​បង្គោល​ភ្លើង និង​ភ្លើង​បំភ្លឺ​ពេលយប់​ផងដែរ។

យោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គិត​មកដល់​បច្ចុប្បន្ន គម្រោង​ដែល​ត្រូវបាន​អនុវត្ត​ដោយ​កងវិស្វកម្ម​សម្តេច​តេ​ជោ​សៀមរាប (ក្រុម ក) នេះ សម្រេចបាន 50% រួចហើយ៕

Advertisement