ប្រេ​ស៊ី​ល នឹងមាន​រោងចក្រ​ផលិត​អ៊ីដ្រូសែន​បៃតង (green hydrogen) ធំ​បំផុត​ក្នុង​ពិភពលោក

រោងចក្រ​របស់​ក្រុម​ហ៊ុន​ Unigel ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ចុងឆ្នាំ ២០២៣ នឹង​ផលិត​អ៊ីដ្រូសែន​បៃតង​ប្រមាណ ១០,០០០ តោន និង អា​ម៉ូ​ញាក់​បៃតង ប្រមាណ ៦០,០០០ តោន នៅក្នុង​ដំណាក់កាល​ដំបូង។

ក្រសួងបរិស្ថាន​ប្រេ​ស៊ី​ល កាលពី​ថ្ងៃទី ២៦ កក្កដា បានប្រកាសថា សាជីវកម្ម​ពហុ​ជាតិ Unigel ទើបតែ​ចាប់ផ្ដើម​សាងសង់​រោងចក្រ​ផលិត​អ៊ីដ្រូសែន​បៃតង (green hydrogen) មួយ ដោយមាន​ទុនវិនិយោគ​ដំបូង ១២០ លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ទីក្រុង Camacari នៃ​រដ្ឋ Bahia ភាគ​ឦសាន​ប្រទេស​នេះ។

រោងចក្រ​របស់ Unigel គ្រោង​នឹង​ដំណើរការ​ចាប់ពី​ចុងឆ្នាំ ២០២៣ ហើយនឹង​ផលិត​អ៊ីដ្រូសែន​បៃតង ប្រមាណ ១០,០០០ តោន និង អា​ម៉ូ​ញាក់​បៃតង (green ammonia) ប្រមាណ ៦០,០០០ តោន នៅក្នុង​ដំណាក់កាល​ដំបូង។

Unigel គ្រោង​នឹង​បង្កើន​ការផលិត​ឱ្យបាន​ច្រើនជាង​តួលេខ​ខាងលើ ៤ ដង នៅ​ដើមឆ្នាំ ២០២៥ ដែល​នេះ​នឹង​ជួយ​ឱ្យ​រោងចក្រ​នៅ Camacari ក្លាយជា​មូលដ្ឋាន​ដែល​ផលិត​អ៊ីដ្រូសែន​បៃតង ធំជាងគេ​ក្នុង​ពិភពលោក។

រោងចក្រ​ថ្មី​នេះ​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​សាជីវកម្ម Thyssenkrupp Nucera របស់ អាល្លឺម៉ង់ ក្នុងនោះ​នឹង​ដំឡើង​ម៉ាស៊ីន​បំបែក​ធាតុទឹក ឬ​ហៅថា ម៉ាស៊ីន​អេ​ឡិច​ត្រូ​លីត្រ​ទឹក (Water Electrolysis Machine) ចំនួន ៣ គ្រៀង ដែលមាន​កម្លាំង ៦០ MW ដើម្បី​បំបែក​អ៊ីដ្រូសែន​ចេញពី​ភាគល្អិត​របស់​ទឹក។

ប្រធាន​ក្រុមហ៊ុន Unigel លោក Roberto Noronha អះអាងថា គម្រោង​រោងចក្រ Catamari នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​នេះ​នាំមុខគេ​ក្នុង​វិស័យ​បន្សាប​កាបូន​នៅ ប្រេ​ស៊ី​ល។

លោក Noronha ឱ្យដឹងថា ប្រេ​ស៊ី​ល មាន​សក្ដានុពល​ខ្លាំងក្លា​ក្នុង​ការផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់ និង​ថាមពលព្រះអាទិត្យ ដូច្នេះ Unigel ជឿថា ប្រទេស​នេះ​នឹងមាន​ឱកាស​នាំមុខ​ពិភពលោក​ក្នុង​វិស័យ​អ៊ីដ្រូសែន​បៃតង ដែលជា​ដំណោះស្រាយ​ក្នុងការ​រក្សា​ថាមពល​ស្អាត​តាមរយៈ​ការ​បំប្លែង​ថាមពល​កកើត​ឡើងវិញ ឱ្យទៅជា​ឥន្ធនៈ​មិនមាន​កាបូន។

Advertisement