គម្រោង​ស្ដារ​កំណាត់​ផ្លូវជាតិ​លេខ៥ ភាគខាងត្បូង (ព្រែក​ក្តាម-ធ្លា​ម្អម) សម្រេចបាន ៨០%ហើយ

កាលពី​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​ពិនិត្យ វឌ្ឍនភាព​ការងារ​សាងសង់​គម្រោង​ស្ដារ​កំណាត់​ផ្លូវជាតិ​លេខ៥ ភាគខាងត្បូង (ព្រែក​ក្តាម -ធ្លា​ម្អម) ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ។

គម្រោង​ស្ដារ​កំណាត់​ផ្លូវជាតិ​លេខ៥ ភាគខាងត្បូង​នេះ មាន​ប្រវែង ១៣៥.២៥ គីឡូម៉ែត្រ និង​ត្រូវបាន​បែងចែក​ជា​បី​កញ្ចប់​ការងារ ដោយ​ចាប់ផ្តើម​សាងសង់​ចេញពី ព្រែក​ក្តាម (ខេត្តកណ្តាល) ដល់ ធ្លា​ម្អម (ខេត្តពោធិ៍សាត់) ។ តាម​ផែនការ គម្រោង​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ២៤៦.៣៥ លាន​ដុល្លារ​អាមេរិក។

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ៥ ភាគខាងត្បូង​នេះ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៨ និង​គ្រោង​ចំណាយពេល​សាងសង់​ចំនួន ៤៨ ខែ។ គិត​មកទល់ពេលនេះ គម្រោង​នេះ​សម្រេចបាន ៨០% ហើយ​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ ២០២៣។

គម្រោង​ខាងលើនេះ​ស្ថិតក្នុង គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ៥ ដែលមាន​ប្រវែង​សរុប ៣៦៦ គីឡូម៉ែត្រ ឋិត​ក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ។ គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ៥ ទទួលបាន​កម្ចី​ឥណទាន សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន ហើយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៥០០ លាន​ដុល្លារ​អាមេរិក។

គម្រោង​នេះ​មានការ​សាងសង់​ផ្លូវ​វាង​ក្រុង​សរុប​ចំនួន ៥ ខ្សែ មាន​ប្រវែង​សរុប ៦២ គីឡូម៉ែត្រ។ គម្រោង​នេះ​មានការ​ពង្រីក​ស្ពាន​ចាស់ និង​សាងសង់​ស្ពាន​ថ្មី ដែល​ស្ថិតនៅក្នុង​កំណាត់​ផ្លូវជាតិ​លេខ៥ មាន​ចំនួន​សរុប ៨០ កន្លែង។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ការស្វែងរក​ថវិកា​ទាំង​ប្រាក់កម្ចី ទាំង​ថវិកាជាតិ និង​ជំនួយឥតសំណង មក​កសាង​ប្រព័ន្ធ​ផ្លូវថ្នល់​ទាល់​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រព័ន្ធ​ភស្តុភា​រកម្ម និង​ការដឹកជញ្ជូន​មានតម្លៃ​ថោក អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង និង​អាច ទាក់ទាញ​វិនិយោគិន​មក​ដាក់ទុន​នៅ​កម្ពុជា បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ៕

Advertisement