​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​នៅ ព្រៃ​ស ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ ក្រោម​អធិបតីភាព​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី និងជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ស្ថិតនៅ​ផ្លូវ​ព្រៃ​ស ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី រួម​នឹង​ស្ថានីយ​ប្រេង​មួយកន្លែង​របស់ កាល់​តិច ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ នៅ​ថ្ងៃទី ២៦ មេសា ២០២២ ក្រោម​វត្តមាន​ជា​អធិបតីភាព​របស់ ឯកឧត្តម​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី និង​ជា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ពិធី​សម្ពោធ​ខាងលើ​ក៏មាន​ការចូលរួម​ពី ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួង និង​ក្រុម​អ្នកជំនួញ​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ។

ក្នុង​ពិធី​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា ក្នុង​រយៈពេល ៣ ខែ​ដំបូង​នៃ​ឆ្នាំ ២០២២ កំណើន​នៃ​ការចុះបញ្ជី​យានយន្ត​អគ្គិសនី កើន​ដល់ ៧០០% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២១។

ការប្រើប្រាស់​យានយន្ដ ម៉ូតូ និង​ម៉ូតូ​កង់​បី​ដើរ​ដោយ​ថាមពល​អគ្គិសនី នឹងមាន​ការកើនឡើង​ច្រើន​នៅក្នុង​ពេលអនាគត នៅពេលដែល​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ចូល​ថាមពល​អគ្គិសនី​ត្រូវបាន​ដំឡើង​យ៉ាង​ទូលំទូលាយ និង​នៅពេល​ប្រជាពលរដ្ឋ​កម្ពុជា​យល់ដឹង​ច្រើន​អំពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​យានយន្ដ​អគ្គិសនី នេះ​បើតាម​ប្រសាសន៍​របស់ ឯកឧត្តម​ស៊ុន ចាន់ថុល។

បច្ចុប្បន្ននេះ​អង្គការ UNDP កំពុង​ជួយ​ជ្រោមជ្រែង​ដល់​ក្រសួង​សា​ធា​រណា​ការ ក្នុងការ​បង្កើត​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការដំឡើង​ស្ថានីយ​សាក​ថ្ម​យានយន្ត​អគ្គិសនី​នៅ​ទូទាំងប្រទេស។ ក្រសួង ក៏មាន​បំណង​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​សិក្សា​បន្ថែម និង​អភិវឌ្ឍន៍​គោលនយោបាយ​ជាតិ​ទូលំទូលាយ​មួយ​ស្ដីពី​យានយន្ត​អគ្គិសនី​ផងដែរ។

ក្រសួង​សាធារណការ បានធ្វើការ​ជាមួយ​ក្រុមហ៊ុន Energy Lab និង​ក្រុមហ៊ុន GIZ ដើម្បី​ដាក់តាំង​បង្ហាញ​យានយន្ត និង​ម៉ូតូ​អគ្គិសនី​នៅ​ចំណត​យានយន្ត​ទីស្ដីការក្រសួង និង​បាន​បើកសម្ពោធ​ឱ្យប្រើ​ប្រាស់​ស្ថានីយ​សាក​ថ្ម​យានយន្ត​អគ្គិសនី​លើកដំបូង ដែល​ផ្ដល់​ដោយ​អង្គការ UNDP នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២។ នៅឯ ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី ២៧ មេសា ក្រសួង​នេះ​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ​សាក​ថ្ម​យានយន្ត​អគ្គិសនី​លើក​ទី ២ ដែល​ផ្ដល់​ដោយ​អង្គការ UNDP។

Advertisement