លោក​ឧកញ៉ា គីម ហ៊ាង ម្ចាស់ បុរី វិមាន​សំណាង អតីត​​​អ្នករត់​តុ និង​ធ្លាប់ជា​ក្មេង​វត្ត​កម្សត់

នៅលើ​ទំព័រ​បណ្ដាញ​សង្គម លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ដែល​បច្ចុប្បន្ន​ជា​ម្ចាស់ បុរី វិមាន​សំណាង និង​ជា​អ្នកជំនាញ​មួយរូប​ក្នុង​វិស័យ​អចលនទ្រព្យ នា​ថ្ងៃនេះ បាន​រៀបរាប់ទ្រួសៗអំពី​ប្រវត្តិ​របស់លោក ដែល​បញ្ជាក់ថា លោក​គឺជា​មនុស្សម្នា​ក់បាន​ឆ្លងកាត់​ការលំបាក​យ៉ាងច្រើន មុននឹង​បាន​រកឃើញ​ជោគជ័យ។

លើ​ទំព័រ​បណ្ដាញ​សង្គម Facebook គេ​តែងតែ​ឃើញ​លោក ឧកញ៉ា​រូបនេះ និយាយ​អំពី​បទពិសោធន៍ និង​ព័ត៌មាន​ដែល​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ។ នា​ថ្ងៃទី ០៧ មេសា​នេះ ក្នុង​ទំព័រ​បុគ្គល​សាធារណៈ (Public figure) នៃ​បណ្ដាញ​សង្គម​នេះ លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង បាន​បង្ហើប​ឱ្យដឹងខ្លះៗអំពី​ប្រវត្តិ​ផ្ទាល់ខ្លួន។

លោក​បណ្ឌិត​បាន​សរសេរ​ថា៖

«ក្រោយប្រលងជាប់បាក់ឌុបឆ្នាំ ១៩៩៨ នៅវិទ្យាល័យស្វាយរៀង គឺ គីម ហ៊ាង បានប្រលងចូលរៀនច្បាប់ នៅសាលា RULE ប្រលងចូលរៀនភាសានៅ IFL និងប្រលងចូលរៀន ប្រវត្តិវិទ្យា នៅ RUPP តែបានធ្លាក់ទាំងអស់!»។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់ បុរី វិមានសំណាង

លោក​បន្ថែម​ថា លោក គីម ហ៊ាង គឺជា​កូនកំព្រា​ម្តាយ មកពី​ព្រំដែន​បាវិត។ លោក​បាន​ជាប់​ការងារ​ជា​អ្នករត់​តុ តាម​ក្លិប​កំសាន្ត និង​ហាង KTV ពី​ម៉ោង ៦ល្ងាច ដល់ ២ ភ្លឺ។ លោក​បញ្ជាក់ថា លោក​ក៏​ជា​ក្មេង​វត្ត​មួយរូប​ដែល​ស្នាក់នៅ​កុដិ​លេខ ១៨ វត្ត​មហាមន្ត្រី ក្នុង រាជធានី​ភ្នំពេញ រយៈពេល ៦ ឆ្នាំ ចាប់ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០០។

បុរស​វ័យ ៤២ ឆ្នាំ​រូបនេះ បាន​រំលឹក​អំពី​ប្រវត្តិ​ផ្ទាល់ខ្លួន បន្ទាប់ពី​ព្រះសង្ឃ​ដែល​ធ្លាប់​មានគុណ​លើ​រូបលោក និង​មាន​ទំនាក់​ទំនងជា​គ្រូ និង​សិស្ស​ជាង ២៤ ឆ្នាំ បាន​និមន្ត​មក​គេហដ្ឋាន។

លោក​បណ្ឌិត គីម ហ៊ាង កាលពីពេលថ្មីៗនេះ ធ្លាប់ធ្វើ​ឱ្យមាន​ការខឹង និង​មតិ​រិះគន់​ពី​សាធារណជន ទាក់ទិន​នឹង​ការបញ្ចេញ​យោបល់​របស់​លោក នៅក្នុង​សិក្ខាសាលា​អចលនទ្រព្យ ឆ្នាំ ២០២២ ស្តីអំពី «អនាគត​នៃ​វិស័យ​អចលនទ្រព្យ​ខេត្តសៀមរាប ក្រោយ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ ធូរស្រាល» កាលពី​ថ្ងៃ​សៅរ៍ ទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅ​សណ្ឋាគារ អង្គរ​ផា​រ៉ា​ឌី ក្រុង​សៀមរាប ខេត្តសៀមរាប។

លោកបណ្ឌិត គីម ហ៊ាង ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​សិក្ខាសាលាអចលនទ្រព្យ ឆ្នាំ ២០២២ ស្តីអំពី «អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយជំងឺរាតត្បាតកូវីដ-១៩ ធូរស្រាល» កាលពីថ្ងៃសៅរ៍ ទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២

ក្នុង​សិក្ខាសាលា​នោះ លោក​បាន​បកស្រាយ​ពី​ចំណុចខ្សោយ ចំណុចខ្លាំង ឱកាស និង ការគំរាមកំហែង ចំពោះ​ការវិនិយោគ និង​អភិឌ្ឍន៍​វិស័យ​អចលនទ្រព្យ នៅ​ខេត្តសៀមរាប។ ការបកស្រាយ​មួយចំនួន​របស់លោក បាន​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ ធ្វើឱ្យ​មានមតិ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា​ពី​សាធារណជន ពិសេស​គឺ​ក្រុម​អ្នក​អភិរក្សនិយម។ ប៉ុន្តែ ក្រោយមក លោក​ក៏បាន​ធ្វើការ​សុំទោស​ជា​លាយលក្ខណ៍អក្សរ និង​ជា​សាធារណៈ៕

Advertisement