អគារ​ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ កំពង់​ក មិត្តភាព​កម្ពុជា-កូរ៉េ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ចាប់ពី​ថ្ងៃនេះ

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​ជំងឺ​ត្រចៀក ច្រមុះ កំពង់​ក មិត្តភាព​កម្ពុជា-កូរ៉េ នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង នា​ព្រឹក​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ នេះ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ (កូរ៉េខាងត្បូង) ប្រចាំ​កម្ពុជា អញ្ជើញ​ជា​អធិបតី សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​ខាងលើ ដែលជា​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ។

អគារ​ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ កំពង់​ក មិត្តភាព​កម្ពុជា-កូរ៉េ ដែល​ស្ថិតនៅក្នុង សង្កាត់​ផ្សារ​ថ្មី ១, ខណ្ឌ​ដូង​ពេញ, រាជធានី​ភ្នំពេញ តាម​បណ្ដោយ​វិថី​ព្រះ​នរោត្តម និង​ក្បែរ​រង្វង់​មូល​វត្តភ្នំ នេះ ទទួលបាន​ជំនួយឥតសំណង ៨ លាន​ដុល្លារ​អាម៉េរិក ពី រដ្ឋាភិបាល​កូរ៉េខាងត្បូង តាមរយៈ​ទីភ្នាក់ងារ​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​កូរ៉េ (KOICA)។

អគារ​នេះ​ត្រូវបាន​បំពាក់​បរិក្ខា​ទំនើប​បំផុត រួម​នឹង​សមត្ថភាព​របស់​ក្រុម​វេជ្ជបណ្ឌិត និង​បុគ្គលិក ដែល​ត្រូវបាន​បណ្តុះបណ្តាល និង​ផ្ទេរ​ជំនាញ ឯកទេស​ពី​វេជ្ជបណ្ឌិត ជនជាតិ​កូរ៉េ៕

Advertisement