ជាតិ​លេខ ៥១ មាន​ប្រវែង​ជិត ៣៨ គីឡូម៉ែត្រ ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ​នៅថ្ងៃនេះ

ផ្លូវជាតិ​លេខ ៥១

ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ ៥១ ដែលជា​កំណាត់​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៤ ទៅកាន់​ផ្លូវជាតិ​លេខ ៥ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ ក្រោម​អធិបតីភាព​របស់ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា។

កំ​ណាក់​ផ្លូវជាតិ​លេខ ៥១ មាន​ប្រវែង​សរុប ៣៧,៩៥ គីឡូម៉ែត្រ ចាប់ផ្តើម​ពី​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ ៥ នៅ​ឧដុង្គ ទៅដល់​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ ៤ នៅ ថ្នល់ទទឹង។ នេះ​គឺជា​ផ្លូវ​បេតុង​កៅស៊ូ AC កម្រាស់ ៩ សង់ទីម៉ែត្រ និង​ទទឹង​តួ​ផ្លូវ​សរុប ១២ ម៉ែត្រ ដោយមាន ២ គន្លង​សម្រាប់​រថយន្ត​ធ្វើ​ចរាចរណ៍​ទៅមក និង ២ គន្លង​សម្រាប់ទោ​ចក្រយានយន្ត។

គម្រោង​ផ្លូវជាតិ​លេខ ៥១ ដែល​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន CRBC និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ចិន ក្វាង​ចូ​វ​វ៉ាន​អាន នេះ ប្រើប្រាស់​ពេល​សាងសង់ ២៧ ខែ រាប់​ចាប់ពី​ខែមិថុនា ២០១៧ ដល់​ខែសីហា ២០១៩ និង​ចំណាយ​ថវិកា​សរុប​ជិត ៤១ លាន​ដុល្លារ​អាម៉េរិក ដែលជា​ប្រាក់កម្ចី​ពី ប្រទេស​ចិន និង​ថវិកាបដិភាគ​របស់ កម្ពុជា។

ផ្លូវជាតិ​លេខ ៥១ ស្ថិតនៅក្នុង ខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ ជាប់​ជាមួយនឹង ផ្លូវជាតិ​លេខ ៤, ផ្លូវជាតិ​លេខ ៥, ផ្លូវជាតិ​លេខ ៤១ និង​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ ៣, ផ្លូវជាតិ​លេខ ៤២ ទៅ​រាជធានី​ភ្នំពេញ, និង​ផ្លូវ​លេខ ១៤៤០ ទៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។

ផ្លូវ​នេះ​ស្ថិតនៅ​តំបន់​ដែល​សម្បូរ​រោងចក្រ​ឧស្សាហកម្ម សិប្បកម្ម និង​សហគ្រាស​ខ្នាត​ធំ ព្រមទាំង​ជា​តំបន់​ទីប្រជុំជន ដែលមាន​អំណោយផល​សម្រាប់​គម្រោង​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ និង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់៕

Advertisement