តួ​ក​គី សម្ពោធ​ស្ពាន​ត​ភ្ជាប់​ទ្វីបអាស៊ី-អឺរ៉ុប តម្លៃ​ជិត ៣ ពាន់​លាន​ដុល្លារ​អាម៉េរិក (វីដេអូ)

ប្រធានាធិបតីតួកគី Recep Tayyip Erdogan សម្ពោធស្ពាន Canakkale ១៩១៥

ប្រធានាធិបតី​តួ​ក​គី បាន​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​សម្ពោធ​ស្ពាន Canakkale ១៩១៥ ដែល​ប្រើប្រាស់​ទុនវិនិយោគ ២.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក ឆ្លងកាត់​ច្រក​សមុទ្រ Dardanelles ដែល​ខណ្ឌ​ចែក ទ្វីបអាស៊ី និង ទ្វីបអឺរ៉ុប។

ស្ពាន Canakkale ១៩១៥ ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី ១៨ មីនា ត្រូវបាន​សាងសង់​ដោយ​បណ្ដា​ក្រុមហ៊ុន​តួ​ក​គី និង កូរ៉េខាងត្បូង។ ការសម្ពោធ​ស្ពាន​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ខួប​ទិវា​ជ័យជំនះ​របស់​កងទ័ព​ជើង​ទឹក​ចក្រភព​អូ​តូ​ម៉​ង់ (Ottoman) លើ កងទ័ព​អង់គ្លេស និង បារាំង នៅ Dardanelles ក្នុង​សង្គ្រាមលោក​លើកទីមួយ។

ស្ពាន​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​គម្រោង​សំខាន់​មួយ​ដែល​បង្ហាញ​អំពី​សមិទ្ធផល​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ តួ​ក​គី ក្នុងអំឡុង ២ ទស្ស​វត្ត​ន៍​កន្លងមកនេះ។

ទីតាំង​ស្ពាន

ស្ពាន Canakkale ១៩១៥ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​កាលពី​ខែមីនា ២០១៧ ដោយ​ប្រើប្រាស់​កម្មករ​ជាង ៥,០០០ នាក់។ នេះ​គឺជា​ស្ពាន​ទី ៤ ដែល​ភ្ជាប់​ឆ្នេរ​របស់ ទ្វីបអាស៊ី និង​ឆ្នេរ​របស់ ទ្វីបអឺរ៉ុប នៅ តួ​ក​គី។

ស្ពាន Canakkale ១៩១៥ ដែលមាន​សសរទ្រូង​ក​ម្ព​ស់ ៣១៨ ម៉ែត្រ​នេះ មាន​បណ្ដោយ ៤.៦ គីឡូម៉ែត្រ។

មុនពេល​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​នេះ មធ្យោបាយ​ទាំងឡាយ​ដែល​ធ្វើដំណើរ​រាង Anatolia និង ឧបទ្វីប Gallipoli ត្រូវ​ចំណាយពេល ១ ម៉ោង ដោយ​ជិះ​ស្រឡាង​ឆ្លងកាត់​ច្រក​សមុទ្រ Dardanelles និង​ត្រូវ​រង់ចាំ​រយៈពេល​ប្រហែល ៥ ម៉ោង។ ប៉ុន្តែ ដោយមាន​ស្ពាន​ថ្មី​នេះ ការធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ Dardanelles បច្ចុប្បន្ន​ចំណាយពេល​តែ ប្រហែល ៦ នាទី​ប៉ុណ្ណោះ៕

Advertisement