ដា​ណឺ​ម៉ាក សាងសង់​កោះ​សិប្បនិម្មិត​សម្រាប់​ដាក់​ទួ​រ​ប៊ី​ន​ខ្យល់​ខ្នាត​យក្ស 600 គ្រឿង​ដើម្បី​ផលិត​អគ្គិសនី​

ក្រោយ​សាងសង់​រួចរាល់​នៅ​ឆ្នាំ 2030 កោះ​ថាមពល​ដែលមាន​ទុនវិនិយោគ 34 ពាន់​លាន​ដុល្លារ​អាម៉េរិក​នេះ អាច​ផ្គត់ផ្គង់​អគ្គិសនី​តាម​តម្រូវ​ការ​របស់​មនុស្ស​ 10 លាន​គ្រួសារ​នៅ អឺរ៉ុប។

កោះ​សិប្បនិម្មិត​ដែល ប្រទេស​ដា​ណឺ​ម៉ាក កំពុង​សាងសង់​នេះ អាចដាក់​ទួ​រ​ប៊ី​ន​ខ្យល់​ខ្នាត​យក្ស កម្ពស់ 260 ម៉ែត្រ​ចំនួន 600 គ្រឿង។ កោះ​នេះ​ធំ​ប៉ុន​ទីលាន​បាល់ទាត់​ចំនួន 18 បូក​ចូលគ្នា និង​ស្ថិតនៅ​ចម្ងាយ​ពី​ឧបទ្វីប Jutland 80 គីឡូម៉ែត្រ​ទៅ​ទិស​ខាងលិច ដើម្បី​ប្រើប្រាស់​កម្លាំង​ខ្យល់​នៅលើ​សមុទ្រឱ្យ​បាន​ជា​អតិបរមា។

តាម​ផែនការ​របស់ រដ្ឋាភិបាល​ដា​ណឺ​ម៉ាក គម្រោង​នេះ​នឹងត្រូវ​ធ្វើឱ្យ​រួចរាល់​នៅ​ឆ្នាំ 2030។ កោះ​សិប្បនិម្មិត​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី​បាន​ច្រើនជាង​ទ្វេដង ឬ 3 ដង​នៅក្នុង​អនាគត ធៀប​នឹង​បរិមាណ​អគ្គិសនី​ដែល ដា​ណឺ​ម៉ាក់ ផលិត​បាន​ពី​បណ្ដា​ស្ថានីយ​នៅលើ​សមុទ្រ​នាបច្ចុប្បន្ន និង​ខ្ពស់​ជា 1.5 ដង ធៀប​នឹង​បរិមាណ​អគ្គិសនី​ដែល​ប្រទេស​នេះ​ប្រើប្រាស់​ក្នុង​មួយឆ្នាំ ដែល​នេះ​អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​មនុស្ស​ 10 លាន​គ្រួសារ​នៅ អឺរ៉ុប។

កោះ​សិប្បនិម្មិត​នេះ​ក៏មាន​ថ្ម​សម្រាប់​ផ្ទុក​ថាមពល​អគ្គិសនី និង​រោងចក្រ​អេ​ឡិច​ត្រូ​លី​ស (electrolysis plant) សម្រាប់​ផលិត​អ៊ី​ដ្រូ​បៃតង​ផងដែរ។

សហភាព​អឺរ៉ុប ក៏​កំពុងមាន​គម្រោង​បង្កើន​ការផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​នៅលើ​សមុទ្រ​ពី 12 GW នាបច្ចុប្បន្ន ឱ្យ​ឡើងដល់ 300 GW នៅ​ឆ្នាំ 2050។ កោះ​ថាមពល​ខាងលើ​​របស់ ដា​ណឺ​ម៉ាក អាចជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះទៅរក​គោលដៅ​នោះ។ ឆ្នាំ 2040 អគ្គិសនី​ផលិត​ពី​កម្លាំង​ខ្យល់​លើ​សមុទ្រ​អាច​ផ្គត់ផ្គង់​តាម​តម្រូវ​ការ​របស់​មនុស្ស​ 150 លាន​គ្រួសារ​នៅ​ពាសពេញ ​ទ្វីបអឺរ៉ុប៕

Advertisement