កំណាត់​ផ្លូវ​ជាង ៨៤ គីឡូម៉ែត្រ នៃ​គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ៥ បាត់ដំបង-សិរីសោភ័ណ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ

នា​ព្រឹក​ថ្ងៃទី ១០ មករា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង ឯកអគ្គរាជទូត​ជប៉ុន អញ្ជើញ​សម្ពោធ​ដាក់​ឱ្យធ្វើ​ចរាចរណ៍​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវ​ប្រវែង​ជាង ៨៤ គីឡូម៉ែត្រ នៃ​គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ៥ បាត់ដំបង-សិរីសោភ័ណ។

សម្ដេច​តេ​ជោ ហ៊ុន សែន និង ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា អញ្ជើញ​ជា​អធិបតី និង​កាត់​ខ្សែបូ​ក្នុង​ពិធី​សម្ពោធ​នេះ ដែល​ប្រារព្ធ​ឡើង​នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២។

កំណាត់​ផ្លូវជាតិ​លេខ៥ ប្រវែង​ជាង ៨៤ គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ខេត្តបាត់ដំបង ទៅកាន់ ក្រុង​សិរីសោភ័ណ នៃ​ខេត្តបន្ទាយមានជ័យ នេះ ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១។ គម្រោង​នេះ ត្រូវបាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ១៦៥.៧៨ លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​អភិវឌ្ឍ​ពី រាជរដ្ឋាភិបាល​ជប៉ុន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់ រាជរដ្ឋាភិបាល​កម្ពុជា។ កំណាត់​ផ្លូវ​ជាង ៨៤ គីឡូម៉ែត្រ នៃ​គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ៥ បាត់ដំបង-សិរីសោភ័ណ ដែល​បាន​ស៊ីពេល​អស់ ៥៥ ខែ​ក្នុង​ការសាងសង់​នេះ ត្រូវបាន​បញ្ចប់​រួចរាល់​កាលពី​ខែ កញ្ញា ២០២១៕

Advertisement