អគារ​រដ្ឋបាល​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ព្រឹក​នេះ

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ អគារ​រដ្ឋបាល​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដែលមាន​ទីតាំង​ក្បែរ មហាវិថី​ព្រះ​នរោត្តម, សង្កាត់​ផ្សារ​ថ្មី ៣, ខ័​ណ្ឌ​ដូនពេញ, រាជធានី ភ្នំពេញ។

អគារ​រដ្ឋបាល​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា បានចាប់ផ្តើម​សាងសង់​នៅ​ខែកុម្ភៈ ឆ្នាំ ២០១៧ និង​បានបញ្ចប់​នៅក្នុង​ខែកក្កដា ឆ្នាំ ២០២០ នេះ​បើតាម​វិទ្យុជាតិ​កម្ពុជា។

អគារ​នេះ​មាន ៣៥ ជាន់,កម្ពស់ ១២០ ម៉ែត្រ, បណ្តោយ ៥៤ ម៉ែត្រ និង​ទទឹង​ប្រវែង​ជាង ២៦ ម៉ែត្រ។ ក្នុង​អគារ មាន​ចំណត​យានយន្ត ៨ ជាន់ (បូក​ទាំង​ក្រោម​ដី ២ ជាន់) អាច​ចត​រថយន្ត​បាន ១៤២ គ្រឿង និង​ម៉ូតូ ១០២ គ្រឿង។

ផ្នែកនីមួយៗត្រូវបាន​រៀប​ទៅតាម​ជាន់ រួមមាន៖ បញ្ជរ​ព័ត៌មាន (ជាន់​ទី១); ច្រកចេញ-ចូល​តែមួយ (ជាន់​ទី៦); សាលប្រជុំ និង​បន្ទប់​ប្រជុំ សាលប្រជុំ​ធំ​ចំនួន ២ សម្រាប់​ផ្ទុក​អ្នកចូលរួម ១៩៨ នាក់ និង ១២៨ នាក់ និង​បន្ទប់​ប្រជុំ​តូច​មួយចំនួន, ការិយាល័យ ២៣ ជាន់, ការិយាល័យ​អគ្គនាយក, បន្ទប់ទទួលភ្ញៀវ, ការិយាល័យ​អគ្គនាយករង, ការិយាល័យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន និង​ការិយាល័យ​មន្ត្រី, អាហា​រដ្ឋា​ន (ជាន់​ទី២០); ក្លឹប​ហាត់ប្រាណ ស្ទី​ម និង​សោ​ណា (ជាន់​ទី ៣១); ស្កា​យ​បារ (ជាន់​ទី ៣៣ និង ៣៤)។

Advertisement