ឡាវ​ និង​ថៃ ពិភាក្សាអំពី​ការ​ស្ថាបនា​ស្ពាន​សម្រាប់​រថភ្លើង​ឆ្លង​កាត់​ទន្លេ​មេគង្គ

រដ្ឋមន្ត្រី​ការ​បរទេស​ឡាវ និង​ថៃ បាន​ចាប់​ផ្ដើម​កិច្ច​ពិភាក្សា​អំពី​ការ​ស្ថាបនា​ស្ពាន​សម្រាប់​ផ្លូវ​ដែក​មួយ​ខ្សែ​ដែល​ឆ្លង​កាត់​ទន្លេ​មេគង្គ​។ ស្ពាន​នេះ​នឹង​តភ្ជាប់​រដ្ឋធានី​វៀងចន្ទន៍​របស់​ប្រទេស​ឡាវ ជាមួយ​នឹង​ខេត្ត​ណងខៃ​នៅ​តំបន់​ឦសាន​ប្រទេស​ថៃ​។

​សារព័ត៌មាន​ឡាវ​ ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 01 វិច្ឆិកា ​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​រវាង​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឡាវ លោក Saleumxay Kommasith និង​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ Parnpree Bahiddha-Nukara នៅ​វៀងចន្ទន៍​កាល​ពី​ថ្ងៃទី 30 តុលា ភាគី​ទាំង​ពីរ​​បាន​ពិភាក្សា​អំពី​ការ​ពង្រីក​ផ្លូវ​ដែក​ឆ្លង​ប្រទេស​ ពី​ខេត្ត​ណងខៃប្រទេស​ថៃ ទៅកាន់​ស្ថានីយ​រថភ្លើង Khamsavath ក្នុង​រដ្ឋធានី​វៀងចន្ទន៍​ ដើម្បី​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ និង​បង្ក​ភាព​ងាយ​ស្រួល​បន្ថែម​ទៀត​សម្រាប់​​ផ្លូវ​ដែក​ឡាវ – ចិន​។

រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​លើ​ការ​លើក​ទឹក​ចិត្ត​ដល់​វិស័យ​ពាក់​ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​ នៅក្នុង​ការ​ពិនិត្យ​លទ្ធភាព​ និង​វិធានការ​នានា​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​ តាម​រយៈ​ការ​លុប​បំបាត់​ឧបសគ្គ​ដែល​មាន​នាបច្ចុប្បន្ន​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ជាង​នេះ​សម្រាប់​សកម្មភាព​ជំនួញ​។

ជំនួប​ខាងលើ​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ឡាវ និង​ប្រទេស​ថៃ​ផងដែរ តាម​រយៈ​ការ​ប្រើ​ប្រាស់​ស្ថានីយ​រថភ្លើង​ Khamsavath នៅ​វៀង​ចន្ទន៍៕

Advertisement