គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី សម្រេចបាន ៣០% ខណៈ​ប្រមុខ​រដ្ឋាភិបាល នឹង​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់ នៅ​សប្ដាហ៍​នេះ

សម្តេច​តេ​ជោ ហ៊ុនសែន នឹង​អញ្ជើញ​ចុះទៅពិនិត្យ​ការដ្ឋាន​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែលមាន​ទីតាំង​ស្ថិតក្នុង​ខេត្តកណ្ដាល និង​ខេត្តតាកែវ នៅ​ថ្ងៃ ទី ៩ ខែ​ឆ្នូ ខាងមុខ។

ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​មានប្រសាសន៍​ដូចខាងលើ ក្នុងពេល ឯកឧត្តម រួមជាមួយ​នឹង រដ្ឋមន្ដ្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ឯកឧត្តម យូ ស៊ុនឡុង ចុះ​ត្រួតពិនិត្យ​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ កាលពី​រសៀល​ថ្ងៃទី ៦ ខែ​ឆ្នូ។

គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ឃុំ​ព្រែកស្លែង និង​ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល និង​មួយផ្នែក​នៃ​ខេត្តតាកែវ កំពុង​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ទំហំ ២,៦០០ ហិកតា ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ចំនួន ១.៥ ពាន់​លាន​ដុល្លារ ក្នុង​ង​នោះ​ទឹកប្រាក់ ១.១ ពាន់​លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ​បរទេស និង ២៨០ លាន​ដុល្លារ​ទៀត​ជា​របស់​ក្រុមហ៊ុន CAIC របស់លោក​ឧកញ៉ា ពុង ខៀវ​សែ ខណៈ​ដើមទុន​ចុះបញ្ជី​មាន​រហូតដល់ ១២០ លាន​ដុល្លារ​អាមេរិក។

គិត​មកដល់​បច្ចុប្បន្ន គម្រោង​នេះ​សម្រេចបាន​ជាង ៣០% ហើយ​បើតាម​ផែនការ គម្រោង​នេះ​នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ឆ្នាំ ២០២៣ ខាងមុខ។ ក្រោយពេល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ នឹងមាន​សមត្ថភាព​ទ​ទួល​អ្នកដំណើរ​បាន ៣០ លាន​នាក់​នៅ​ឆ្នាំ ២០៣០ និង ៥០ លាន​នាក់ នៅ​ឆ្នាំ ២០៥០៕

Advertisement