ការ​សាង​សង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ សម្រេចបាន​ជិត ៧០​% ហើយ គិត​ត្រឹម​សប្ដាហ៍​នេះ

ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ពី ភ្នំពេញ ទៅ ក្រុងព្រះសីហនុ សម្រេចបាន ៦៩,៩៣% ហើយ គិត​ត្រឹម​សប្ដាហ៍​ទី​បី​នៃ​ខែវិច្ឆិកា ហើយ​វា​អាច​នឹង​ចប់​រួចរាល់ នៅមុន​ខែកញ្ញា ឆ្នាំ ២០២២។

ដំណឹង​ខាងលើ​ត្រូវបាន​លើកឡើង​ដោយ​លោក ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង ជា​អ្នកនាំពាក្យ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា។

ក្រសួង​សាធារណការ និង​ក្រុមហ៊ុន​សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ អាច​នឹង​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​សាកល្បង​ធ្វើ​ចរាចរណ៍​នៅ​ចុងឆ្នាំ ២០២២ មុននឹង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយមាន​ការបង់ប្រាក់។ នេះ​បើតាម​អ្នកនាំពាក្យ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ដែល​ត្រូវ​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី ២២ មីនា ២០១៩ នេះ ប្រើប្រាស់​ទុនវិនិយោគរ​បស់ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ជាមួយនឹង​ទឹកប្រាក់​ប្រមាណ ២,០០០ លាន​ដុល្លារ​អាមេរិក រួម​នឹង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន ប្រមាណ ១៥០ លាន​ដុល្លារ។

គម្រោង​ផ្លូវ​នេះ មាន​ប្រវែង​សរុប​ជាង ១៩០ គីឡូម៉ែត្រ ចាប់ពី​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ក្រុងព្រះសីហនុ និង​មាន​ទទឹង​តួ​ផ្លូវ ២៤.៥ ម៉ែត្រ ក្នុងនោះ​មាន​ផ្លូវ​ចំនួន ៤ គន្លង ដែល​អនុញ្ញាតឱ្យ​យានយន្ត​គ្រប់​ប្រភេទ អាច​បើកបរ​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោង ឬ ១២០ គីឡូម៉ែត្រ/ម៉ោង នៅ​កន្លែង​ខ្លះ។

យោង​ផែនការនៃ​ការ​សាង​សង់ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ នេះ នឹង​សាងសង់​រួចរាល់​​ជា​ស្ថាពរ​នៅ​ខែកញ្ញា ២០២២៕

Advertisement