ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក

ស្ពាន​ដែល​ចំណាយ​ថវិកា​អស់​ជិត 57 លាន​ដុល្លារ​អាមេរិក និង​ចំណាយពេល​ក្នុងការ​សាងសង់​អស់ 42 ខែ នេះ តាម​គម្រោង​នឹងត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2021។

ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ចាប់ផ្តើម​នៅត្រង់​គីឡូម៉ែត្រ​លេខ 58+200 ត្រើយ​ខាងលិច ស្ថិត​លើផ្លូវ​ខេត្ត​លេខ 2714 ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់​ទៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ នៅត្រង់ចំណុច​ភូមិ​ក្តុល​កណ្តាល ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ តាម​គម្រោង ស្ពាន​នេះ​នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2021 ដោយ​វត្តមាន​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន។

ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ក្នុង​ពេល​កំពុង​សាង​សង់​កាល​ពី​ចុង​ឆ្នាំ​ 2020

ស្ពាន​មិត្តភាព​កម្ពុជា-ចិន មួយ​នេះ មាន​តួ​ស្ពាន​សុទ្ធសាធ​មាន​ប្រវែង 1,131 ម៉ែត្រ ទទឹង 13.5 ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ​កម្រាស់ 5 សង់ទីម៉ែត្រ មាន​ផ្លូវ​រថយន្ត​ចំនួន 2 គន្លង ផ្លូវ​ម៉ូតូ​ចំនួន 2 គន្លង ផ្លូវ​ថ្មើរជើង​ចំនួន 2 គន្លង សម្រាប់ធ្វើ​ដំណើរ​ទៅមក។ ផ្លូវ​មេ​សងខាង​ស្ពាន ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ 71C មាន​ប្រវែង 8,323 ម៉ែត្រ។ ជា​សរុប ទាំង​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​មាន​ប្រវែង 9,454 ម៉ែត្រ។

ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2018 និង​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ(SCG) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន។

ស្ថាន​ភាព​ស្ពាន​កាល​ពី​ថ្ងៃទី 17 វិច្ឆិកា 2021

ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ចំណាយ​ថវិកា​ក្នុងការ​សាងសង់​អស់ 56.998 លាន​ដុល្លារ​អាមេរិក និង​ចំណាយពេល​សាងសង់​អស់ 42 ខែ៕

Advertisement