ចាក់​ភ្នាល់​ជាង​1​លាន​ដុល្លារ​អាមេរិក​ទៅ​លើ​ការ​ជាប់​ឆ្នោត​របស់​​បេក្ខ​ភាព​ Joe ​Biden

ចាក់​ភ្នាល់​ជាង​1​លាន​ដុល្លារ​អាមេរិក​ទៅ​លើ​ការ​ជាប់​ឆ្នោត​របស់​ Joe ​Biden

មនុស្សម្នាក់ដែលមិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងអំពីអត្តសញ្ញាណ បានចាក់ភ្នាល់ប្រាក់យ៉ាងច្រើនសន្ធឹកកាលពីថ្ងៃទី29តុលា នៅលើគេហទំព័រចាក់ភ្នាល់ធំជាងគេបង្អស់ក្នុងពិភពលោក ដែលមានឈ្មោះថា Betfair Exchage។

សារព័ត៌មាន CNN បានចេញផ្សាយថា នៅលើទំព័រ Betfair Exchange មានមនុស្សម្នាក់បានចាក់ភ្នាល់1លានផោន (1.29លានដុល្លារអាមេរិក) ទៅលើបេក្ខភាពមកពីបក្សប្រជាធិបតី Joe Biden ក្លាយជាប្រធានាធិបតីអាមេរិក។ ការចាក់ភ្នាល់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី29តុលា ប៉ុន្តែអត្តសញ្ញាណរបស់មនុស្សនេះនៅតែត្រូវបានគេរក្សាការសម្ងាត់។ បើសិនជាឈ្នះ អ្នកភ្នាល់រូបនេះនឹងទទួលបានប្រាក់ចំណេញ 540,000ផោន (697,626ដុល្លារអាមេរិក) ទន្ទឺមនឹងការទទួលបានសំណងជាប្រាក់ដើមរបស់ខ្លួនត្រលប់មកវិញ។

ក្រុមអ្នកលេងល្បែងភ្នាល់យល់ថា លោក Biden មានឱកាស65%ដើម្បីឈ្នះ ខណៈលោក Trump មានត្រឹមតែ35%។ ជាងនេះ សារព័ត៌មាន FiveThirtyEight ថែមទាំងយល់ថា លោក Trump មានឱកាសឈ្នះត្រឹមតែ10%ប៉ុណ្ណោះ។

ជនជាតិអាមេរិកាំងមិនត្រូវបានអនុញ្ញាតឱ្យលេងល្បែងភ្នាល់ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីនោះទេ។ ប៉ុន្តែ នៅប្រទេសអង់គ្លេសវិញ ការបោះឆ្នោតប្រធានាធិបតីអាមេរិក កំពុងតែក្លាយជាព្រឹត្តិការណ៍ចាក់ភ្នាល់ធំជាងគេមិនធ្លាប់មានពីមុនមក។

នេះគឺជាទឹកប្រាក់ភ្នាល់ធំជាងគេទីបីក្នុងប្រវត្តិរបស់ Betfair ហើយវាស្ថិតនៅពីក្រោយការភ្នាល់1.1លានផោនសម្រាប់ Rafael Nadal នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់វាយកូនបាល់ tennis ឆ្នាំ2010 និងជាង1លានផោនសម្រាប់ការប្រកួតប្រដាល់រវាង Floyd Mayweather Jr. និង Connor McGregor កាលពីឆ្នាំ2017។

ប្រាក់ភ្នាល់កំពុងតែរត់ទៅរក Betfair ក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានកន្លងមក។ គិតត្រឹមថ្ងៃចន្ទទី2តុលា ប្រាក់ភ្នាល់បានកើនឡើងដល់274លានផោន (ប្រមាណជា 351,396,000ដុល្លារអាមេរិក)។ ខ្ទង់ប្រាក់ភ្នាល់នីមួយៗតែងត្រូវការពេលច្រើនថ្ងៃទើបត្រូវបានគេកត់ត្រា ដូច្នេះ ខ្ទង់ប្រាក់ភ្នាល់ទៅលើការបោះឆ្នោតប្រធានាធីបតីអាមេរិក អាចមានច្រើនជាងពេលនេះ។ Betfair ប៉ាន់ប្រមាណឃើញថា ខ្ទង់ប្រាក់ភ្នាល់នេះអាចឡើងដល់400លានដុល្លារអាមេរិក ពោលគឺខ្ពស់​ជាង​ទ្វេ​ដង​បើ​ធៀប​នឹង​ការភ្នាល់លើការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ2016។

ខ្ទង់ប្រាក់ភ្នាល់ដែលធំជាងគេក្នុងវិស័យនយោបាយនៅលើ Betfair Exchange កន្លងមក គឺមានត្រឹម 555,000ផោន សម្រាប់លោក Trump កាលពីឆ្នាំ2016។ មួយខែមុនការបោះឆ្នោតឆ្នាំនោះ ក៏មានមនុស្សម្នាក់បានភ្នាល់550,000ផោនផងដែរសម្រាប់បេក្ខភាព Hillary Clonton៕

ប្រភព៖ CNN

Advertisement