ស្វាមីភរិយា​លោក ចូ បៃ​ដិ​ន រក​​ប្រាក់ចំណូល​បាន​​ជិត 580,000 ដុល្លារ​ក្នុង​ឆ្នាំ 2022

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន និងភរិយា Jill

ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន និង​ភរិយា Jill កាលពី​ថ្ងៃទី 18 មេសា បានបញ្ចេញ​​ឯកសារ​បង់ពន្ធ​អាករ បង្ហាញថា ស្វាមីភរិយា​មួយគូ​នេះ​មាន​ប្រាក់ចំណូល​ជិត 580,000 ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ​កន្លង។

យោងតាម​របាយការណ៍​ស្ដីពី​ប្រាក់ចំណូល​ ស្វាមីភរិយា​លោក បៃ​ដិ​ន រកបាន​ប្រាក់ 579,514 ដុល្លារ​អាម៉េរិក​នៅក្នុង​ឆ្នាំ 2022 និង​បាន​បង់ពន្ធ​អស់ 137,658 ដុល្លារ។ កាលពី​ឆ្នាំ 2021 ដែលជា​ឆ្នាំ​ដំបូង​លោក បៃ​ដិ​ន ឡើងកាន់​អំណាច ប្រាក់ចំណូល​របស់លោក និង​ភរិយា​គឺ 610,702 ដុល្លារ។

លោក បៃ​ដិ​ន ទទួលបាន​ប្រាក់បៀវត្សរ៍​សម្រាប់​ប្រធានាធិបតីចំនួន 400,000 ដុល្លារ ខណៈដែល​ជំទាវ​ទីមួយ Jill Biden រកបាន 82,335 ដុល្លារ ពី​ការងារ​បង្រៀន​នៅ​សាលា Northern Virginia ។ ប្រាក់ចំណូល​ផ្សេង​ពីនេះ​របស់​ពួកគាត់​គឺ​បានមកពី​ការ​វិនិយោគ ប្រាក់​ចូលនិវត្តន៍ និង​ប្រាក់​កម្មសិទ្ធិ​សៀវភៅ​ជាដើម។ល។

គ្រួសារ​លោក បៃ​ដិ​ន បាន​បរិច្ចាគ​​ប្រហែល 3.5% នៃ​ប្រាក់ចំណូល​របស់​ពួក​គាត់ ដែល​ស្មើនឹង 20,180 ដុល្លារ ទៅឱ្យ​អង្គការ​មនុស្សធម៌​ចំនួន 20 ស្ថាប័ន។

អនុ​ប្រធានាធិបតី Kamala Harris និង​ស្វាមី Doug Emhoff

ចំណែក​អនុ​ប្រធានាធិបតី Kamala Harris និង​ស្វាមី Doug Emhoff មាន​ប្រាក់ចំណូល 456,918 ដុល្លារ​អាម៉េរិក និង​បាន​បង់ពន្ធ 93,570 ដុល្លារ ស្មើនឹង 20.5% នៃ​ប្រាក់ចំណូលសរុប​៕

Advertisement