មូលនិធិ​​មហា​សេដ្ឋី​ Jeff Bezos និង Rockefeller រួម​នឹង​ក្រុម​កំពូល​អ្នកមាន ប្រកាស​បរិច្ចាគ​រាប់សែន​លាន​ដុល្លារ ដើម្បី «សង្គ្រោះ​ពិភពលោក»

មូលនិធិ​របស់​ត្រកូល Rockefeller, មហាសេដ្ឋី Jeff Bezos និង Ikea បានប្រកាស​គម្រោង​បង្កើត​សម្ព័ន្ធ​ថាមពល​សកល​សម្រាប់​ម​នុស្ស​ជាតិ និង​ពិភព​ផែនដី ក្នុង​បំណង​ជួយ​ដល់​រដ្ឋាភិបាល​នានា និង​ក្រុម​អ្នកមាន អាចរួមចំណែក ជំរុញ​ដំណើរការ​នៃ​ការប្ដូរ​ផ្លាស់​ថាមពល​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ។

នៅក្នុង​ថ្ងៃ​ដំបូង​នៃ​សន្និសីទ​ស្ដីពី​អាកាសធាតុ​របស់ អង្គការសហប្រជាជាតិ (COP26) ក្រុម​សប្បុរសជន បាន​សន្យាថា​នឹង​បរិច្ចាគ​ថវិកា ដើម្បី​គោលដៅ​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ ក្នុងនោះ មូលនិធិ​របស់​ត្រកូល Rockefeller និង Ikea បានប្រកាស​គម្រោង​បង្កើត​សម្ព័ន្ធភាព​ថាមពល​សកល​សម្រាប់​ម​នុស្ស​ជាតិ និង​ផែនដី។

អង្គការ​ខាងលើ រួម​នឹង​ស្ថាប័នហិរញ្ញវត្ថុ ស្ថាប័ន​អភិវឌ្ឍ​ពហុ​គោលដៅ ចំនួន 8 ផ្សេងទៀត នឹង​ចាប់ផ្ដើម​ប្រើប្រាស់​ថវិកា 10 ពាន់​លាន​ដុល្លារ​ដំបូង ដើម្បី​ធ្វើការ​សាកល្បង​នូវ​យុទ្ធសាស្ត្រ និង​បច្ចេកវិទ្យា​ថ្មី ក្នុងទិសដៅ​ជួយ​ដល់​ការអភិវឌ្ឍ​ថាមពល​ប្រើប្រាស់​ឡើងវិញ​នៅលើ​ពិភពលោក។ បណ្ដា​តំបន់​ដែល​នៅមាន​ការរារែក​ក្នុងការ​ប្ដូរផ្លាស់​មកប្រើប្រាស់​ថាមពល​ស្អាត នឹង​ទទួលបាន​ការជំរុញ​ខ្លាំងក្លា។ នៅពេល​ដំណាក់កាល​ដំបូង​មាន​ប្រសិទ្ធភាព ពួកគេ​គ្រោង​នឹង​ទូទាត់​ខ្ទង់​វិនិយោគ មួយ​សែន​លាន​ដុល្លារ​បន្ថែមទៀត​ដើម្បី​ពង្រីក​ផែនការ។

មហាសេដ្ឋី Bezos នៅក្នុងសន្និសីទ COP26

ក្នុង​គ្រា​នោះដែរ មូលនិធិ Bezos Earth Fund បានឱ្យដឹងថា នឹង​ផ្ដល់ជំនួយ 500 លាន​ដុល្លារ​សម្រាប់​គំនិត​ផ្ដួចផ្ដើម​ខាងលើ។ ក្រៅពីនេះ មូលនិធិ​នេះ​ក៏​សន្យា​បរិច្ចាគ​បន្ថែម 1 ពាន់​លាន​ដុល្លារ​ទៀត ដើម្បី​ជួយ​ឱ្យ​ធម្ម​ជាតិរស់​ឡើងវិញ មានដូចជា​ការដាំ​ដើមឈើ និង​ការ​ពង្រ​ស់​ស្មៅ​នៅតាម​ទីវាល។ល។ រួម​នឹង​ខ្ទង់​ថវិកា​ប្រហាក់ប្រហែល​ដើម្បី​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ស្បៀងអាហារ ដោយ​ការបង្កើន​ផលិតភាព​កសិផល ប៉ុន្តែ​នៅតែ​ធានា​ឱ្យបាន​ថា ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ត្រូវបាន​កាត់បន្ថយ។

កម្មវិធី​ខាងលើ​ត្រូវ​ប្រកាស​នៅក្នុង​ថ្ងៃ​ដំបូង​នៃ​ព្រឹត្តិការណ៍ COP26 ដែល​ត្រូវបាន​ធ្វើឡើង​នៅ Glasgow ប្រទេស​ស្កុ​ត​ឡេ​ន។ គោលដៅ​របស់ COP26 គឺ​បង្កើន​ការសន្យា​កាលពី​ឆ្នាំ 2009 របស់​បណ្ដា​ប្រទេស​អ្នកមាន ក្នុងការ​ផ្ដល់ជំនួយ​ស​ម្រា​ប់​ដំណើរការ​នៃ​ការប្ដូរ​ផ្លាស់​ថាមពល​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ ជាមួយនឹង​ខ្ទង់ចំណាយ មួយ​សែន​លាន​ដុល្លារ/ឆ្នាំ៕

Advertisement