រាជរដ្ឋាភិបាល​ថៃ អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋកិច្ច តម្លៃ 4.5ពាន់​លាន​ដុល្លារ​អាមេរិក

រាជរដ្ឋាភិបាល​នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 បានអនុម័ត​កញ្ចប់​ថ​វិកា​ជំរុញ​កំណើនសេដ្ឋកិច្ច ដែលមាន​ទំហំ​ទឹកប្រាក់ 140ពាន់​លាន​បាត (ប្រហាក់ប្រហែល​នឹង 4.5ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​វិបត្តិ Covid-19។

អ្នកនាំពាក្យ​នៃ​ក្រសួង​ហិរញ្ញវត្ថុ លោកស្រី Kulaya Tantitemit បានឱ្យដឹងថា កញ្ចប់​ថវិកា​នេះ មាន​តួនាទី​ជួយ​ដល់​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី Covid-19 និង​ដើម្បី​ជំរុញ​ការចាយវាយ​ក្នុងស្រុក។ វិធានការ​នេះ តាម​គម្រោង នឹងត្រូវ​ផ្ដល់ជូន ចាប់ពី​ខែកក្កដា ដល់​ខែធ្នូ ឆ្នាំ2021 តាមរយៈ​សាច់ប្រាក់​សុទ្ធ ប័ណ្ណ​ទូទាត់​អេ​ឡិច​ត្រូ​និ​ច (e-voucher) ឬ​តាម​ទម្រង់​ទូទាត់​រួម។

ទំហំ​ទឹកប្រាក់​ប្រមាណ 93ពាន់​លាន​បាត ដែល​ទូទាត់​ក្រោមរូបភាព​ទូទាត់​រួម នឹង​ជួយ​ដល់​ពលរដ្ឋ​ចំនួន 31លាន​នាក់ ខណៈ 16.4ពាន់​លាន​បាត និង 3ពាន់​លាន​បាត​ទៀត នឹងត្រូវ​បែងចែក​ក្រោមរូបភាព​ប្រគល់​ប្រាក់​ដល់ដៃ សម្រាប់​ពលរដ្ឋ​ដែល​កំពុងស្ថិត​ក្នុង​រប​ប​នៃ​គោលនយោបាយ​សន្តិសុខ​សង្គម និង​ជនពិការ។ ទន្ទឹមនឹងនេះ ខ្ទង់​ប្រាក់ 28ពាន់​លាន​បាត នឹងត្រូវ​បែងចែក​តាម​ទម្រង់ ប័ណ្ណ​ទូទាត់​អេ​ឡិច​ត្រូ​និ​ច សម្រាប់​ក្រុម​ពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ខ្ពស់។

ប្រទេស​ថៃ គិត​ត្រឹម​ព្រឹក​ថ្ងៃទី2 ខែមិថុនា ឆ្នាំ2021 បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 162,022​នាក់ ក្នុងនោះ​មាន អ្នកស្លាប់ 1,069នាក់ អ្នកជា​សះស្បើយ​ចំនួន 111,735នាក់ និង​កំពុង​ព្យាបាល​ចំនួន 49,218នាក់៕

ប្រភព៖ Xinhuanet
ប្រែ​សម្រួល៖ បុត្រា

Advertisement