តួលេខស្ដីអំពី “ចំនួនការងារនៅសហរដ្ឋអាមេរិកដែលបានបង្កើតឡើងក្នុងខែឧសភា” មានចំនួនច្រើនជាងគេបង្អស់រាប់ចាប់ពីឆ្នាំ1939 ដែលនេះជាលើកទី2ហើយដែលចំនួនមុខតំណែងការងារបានកើនឡើងច្រើនជាប្រវត្តិសាស្ត្រ។
ក្រសួងការងាររបស់សហរដ្ឋអាមេរិក កាលពីម្សិលមិញ (5មិថុនា) បានប្រកាសថា ខឿនសេដ្ឋកិច្ចនៃប្រទេសនេះបានបង្កើតការងារចំនួន2.5លានកន្លែងនៅក្នុងខែឧសភាកន្លងទៅ។ អត្រានៃការបាត់បង់ការងារក៏បានថយចុះមកនៅត្រឹម13.3%។ ទិន្នន័យដែលបានឃ្លាតយ៉ាងឆ្ងាយពីការព្យាកររបស់ក្រុមសេដ្ឋវិទូនេះ បានបង្ហាញថា សហរដ្ឋអាមេរិកកំពុងបោះជំហានទៅជិតដល់ដំណាក់កាលសេដ្ឋកិច្ចមានកំណើនល្អប្រសើរឡើងវិញ។
មុននោះ ក្រុមអ្នកវិភាគក្នុងការសិក្សាស្រាវជ្រាវរបស់ Dow Jones យល់ថា ចំនួនការងារដែលនឹងត្រូវបាត់ក្នុងខែឧសភានឹងមានប្រមាណជា 8.33លានកន្លែង។ អត្រាបាត់បង់ការងារក៏នឹងកើតដល់19.5%។ បើសិនជាតួលេខនេះបានក្លាយជាការពិត នោះវានឹងក្លាយជាខែមួយដ៏អាក្រក់បំផុតរាប់ចាប់ពីមហាវិបត្តិសេដ្ឋកិច្ចក្នុងទសវត្សរ៍ឆ្នាំ1930។
ប៉ុន្តែ ជាក់ស្ដែង ចំនួនការងារដែលត្រូវបានបង្កើតឡើងក្នុងខែឧសភា មានកំណើនខ្ពស់បំផុត គិតចាប់ពីឆ្នាំ1939។ សហរដ្ឋអាមេរិកធ្លាប់មានការកើនឡើងនៃចំនួនការងារដល់ទៅរាប់លានជាលើកចុងក្រោយបង្អស់ គឺនៅក្នុងខែកញ្ញា ឆ្នាំ1983។
ទាក់ទិននឹងការព្យាករខុសអំពីការបាត់បង់ការងារ CNN បានបកស្រាយថា នេះគឺជាវិបត្តិដែលមិនធ្លាប់មានពីមុនមក ធ្វើឱ្យក្រុមសេដ្ឋវិទូពិបាកក្នុងការព្យាករឱ្យបានត្រឹមត្រូវទៅតាមការប្រែប្រួលជាក់ស្ដែង។ ហើយបើទោះជាតួលេខក្នុងខែឧសភាគួរឱ្យមានក្ដីសង្ឃឹមក៏ដោយ ក៏នៅមានកត្តាមិនប្រាកដប្រជាជាច្រើនផ្សេងទៀតដែលនាំឱ្យការព្យាករបន្តជួបការលំបាក។
ផ្សារហ៊ុនសហរដ្ឋអាមេរិកបានកើនឡើងខ្លាំង ក្រោយពីមានរបាយការណ៍ស្ដីអំពីការងារខាងលើ។ អត្រាប្រាក់ចំណេញពីមូលបត្ររបស់រដ្ឋាភិបាលអាមេរិកាំងក៏កើនឡើងខ្ពស់ផងដែរ។ ប្រាក់ចំណេញសម្រាប់មូលបត្រប្រភេទ10ឆ្នាំ បានកើន 0.91% កាលពីម្សិលមិញ (5មិថុនា)។
ប្រធានាធិបតី Donald Trump ពេញចិត្តនឹងដំណឹងខាងលើនេះណាស់។ លោកបានសរសេរនៅលើទំព័រ Twitter ថា “នេះគឺជាតួលេខគួរឱ្យចាប់អារម្មណ៍ជាទីបផុត។ ពិតជាគួរឱ្យសប្បាយចិត្ត។ ផ្សារហ៊ុនពិតជាល្អប្រសើរ”។
“វាហាក់ដូចជាការខួចខាតពីបម្រាមគោចរទូទាំងប្រទេស មិនមានសភាពធ្ងន់ធ្ងរខ្លាំង និងមិនអូសបន្លាយយូរដូចយើងរាល់គ្នាបានព្រួយបារម្ភកាលពីមួយខែមុន” នេះបើតាមការអះអាងរបស់ Scott Clemons អ្នកយុទ្ធសាស្ត្រផ្នែកវិនិយោគមកពី Brown Brothers Harriman ដែលជាធនាគារឯកជនធំជាងគេបង្អស់នៅសហរដ្ឋអាមេរិក។
ចំណែក Tony Bedikian នាយកទីផ្សារសកលនៃធនាគារ Citizens Bank បានឱ្យដឹងថា “នៅពេលទប់ស្កាត់ការផ្ទុះឆ្លងជាលើកទី2របស់ COVID-19 សេដ្ឋកិច្ចសហរដ្ឋអាមេរិកប្រហែលជាដល់ពេលត្រូវប្រែប្រួលហើយ។ ជាភ័ស្តុតាងនោះគឺតួលេខនៃកំណើនការងារដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងថ្ងៃនេះ បើទោះជាយើងនៅតែត្រូវរង់ចាំមើលដំណាក់កាលធម្មតា”។
វិស័យកម្សាន្ត និងភោជនីយដ្ឋាន សណ្ឋាគារ បានរួមចំណែកជិតពាក់កណ្ដាលនៃកំណើនការងារក្នុងខែឧសភានៅសហរដ្ឋអាមេរិក។ បុគ្គលិកចំនួន 1.2លាននាក់ត្រូវបានអនុញ្ញាតឱ្យត្រលប់ចូលធ្វើការវិញ។ ការងារនៅក្នុងបណ្ដាហាងបារ និងភោជនីយដ្ឋានបានកើនឡើងខ្ពស់ បន្ទាប់ពីរដ្ឋនានាចាប់ផ្ដើមបន្ធូរបន្ថយការរក្សាគម្លាតសង្គម។
វិស័យដែលទទួលបានផលប្រយោជន៍ច្រើនលំដាប់ទី2 គឺសំណង់ ដោយបង្កើតការងារចំនួន 464,000មុខតំណែងបន្ថែមទៀត។ ចំណែកវិស័យអប់រំ និងសុខាភិបាល បានបង្កើតការងារបន្ថែមចំនួន 424,000មុខតំណែងផងដែរ ខណៈការងារនៅក្នុងវិស័យលក់រាយក៏កើន 368,000មុខតំណែង។
“ក្រុមហ៊ុននានាកំពុងចាប់ផ្ដើមជ្រើសរើសបុគ្គលិកឱ្យចូលធ្វើការឡើងវិញ ជាមួយនឹងចំនួនច្រើនជាងការព្យាករកន្លងមក។ និន្នាការនេះនឹងបន្តនៅពេលបម្រាមគោចរត្រូវបានកាត់បន្ថយនៅទូទាំងប្រទេស។ បើនិយាយឱ្យច្បាស់ជាងនេះ គឺថា អ្វីៗទាំងអស់នៅតែឃ្លាតឆ្ងាយពីស្ថានភាពធម្មតា។ ប៉ុន្តែ បើសិនជាអាចរក្សាបានល្បឿននៃការកែលម្អនេះ នោះក្ដីសង្ឃឹមនៅក្នុងដំណាក់កាលពាក់កណ្ដាលចុងឆ្នាំនេះនឹងមានមូលដ្ឋានច្បាស់លាស់ជាងបច្ចុប្បន្ន”៕
ប្រភព៖ CNBC