ក្រុមហ៊ុនមួយ​របស់​កូរ៉េខាងត្បូង មាន​គោលដៅបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា

គណៈប្រតិភូក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD. របស់​កូរ៉េខាងត្បូង បាន​បង្ហាញ​ទិសដៅ​នៃ​ការ​បង្កើត​រោង​ចក្រ​ផលិត​គ្រឿង​បង្គុំរថយន្ត​អគ្គិសនី​នៅ​កម្ពុជា។

ការ​បង្ហាញ​ទិស​ដៅ​របស់​ក្រុម​ហ៊ុន​ខាងលើ​ ត្រូវ​បាន​លើក​ឡើង​​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​រវាង​ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជាដែល​ដឹក​នាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ប្រតិភូ​កូរ៉េខាង​ត្បូង​ដែល​ដឹក​នាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋ​ករ៉េ លោក Chung Sye-Kyun កាល​ពី​ព្រឹក​ថ្ងៃទី 24 មករា 2024​។

យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកម្ពុជា-កូរ៉េ នាពេលកន្លងមក ពិសេសលើសកម្មភាពវិនិយោគ និងការជំរុញឱ្យមានវិនិយោគិនពីក្រុមហ៊ុននានារបស់សាធារណរដ្ឋកូរ៉េ ចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។

ក្រុមហ៊ុន CAMKO MOTOR បច្ចុប្បន្នកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា លើការដំឡើង​រថយន្តម៉ាក Hyundai និងផលិតខ្សែភ្លើងរថយន្ត សម្រាប់​ការ​នាំចេញ។ ចំណែក​​ក្រុមហ៊ុន CAMKO INFRACORE តាមរយៈកិច្ចប្រជុំនេះ ក៏​បានបង្ហាញទិសដៅនៃការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់ការ​នាំចេញទៅទីផ្សារអន្តរជាតិ​។

Advertisement