CEO រាប់ពាន់​នាក់​ព្យាករ​ថា បញ្ញាសិប្បនិម្មិត​នឹង​នាំ​ឱ្យ​មនុស្ស​បាត់​បង់​ការ​ងារ​ច្រើន​ក្នុង​ឆ្នាំ​នេះ​

​ការ​ស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន​ប្រកាស​ដំណាល​គ្នា​នឹង​កិច្ច​ប្រ​ជុំ​របស់ក្រុម​​មេដឹក​នាំពិភពលោក និង​ក្រុម​ហ៊ុននានា​ ដែល​ធ្វើ​ឡើង​​នៅ Davos ប្រទេស​ស្វ៊ីស ឱ្យ​ដឹង​ថា មួយ​ភាគ​បី​នៃ​ក្រុម​នាយកប្រតិបត្តិ​ ឬ​ប្រធាន​ក្រុម​ហ៊ុន​នៅ​ទូទាំង​ពិភពលោក ​រំពឹង​ថា ការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត​ទូទៅ​នឹង​ជួយ​កាត់បន្ថយចំនួន​បុគ្គលិក​យ៉ាង​តិច 5% នៅ​ក្នុង​ឆ្នាំ 2024​។

យោង​តាម​ការ​ស្ទង់មតិ​ដែល​ធ្វើ​ឡើង​ដោយ​ PwC នៅ​មុន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក វិស័យ​ផ្សព្វផ្សាយ​ និង​កម្សាន្ត ធនាគារ ធានារ៉ាប់រង និង​ដឹក​ជញ្ជូន​ គឺជា​វិស័យ​នាំ​មុខ​គេ​នៃ​លទ្ធភាព​កាត់​បន្ថយបុគ្គលិក​ដោយ​សារ​តែ​ការ​ប្រើប្រាស់​ឧបករណ៍ ឬ​កម្មវិធី​​ AI ទំនើប​បំផុត​។ ចំណែក​បណ្ដា​ក្រុម​ហ៊ុន​បច្ចេកទេស និង​សំណង់​ ត្រូវ​បាន​ព្យាករ​ថា មាន​លទ្ធភាព​តិច​តួច​ក្នុង​ការ​កាត់បន្ថយ​បុគ្គលិក​ព្រោះ​តែ​បច្ចេកវិទ្យា​ស្វ័យប្រវត្ត។

ការ​រកឃើញ​នេះ​គឺ​យោង​ទៅ​លើ​កិច្ច​សម្ភាស​ជាមួយ​នឹង​ប្រធាន​ក្រុម​ហ៊ុន​ជាង 4,700 នាក់​ នៅក្នុង​ប្រទេស​ជាង 100 លើ​ពិភពលោក​។ ពួក​គេក៏​បាន​បង្ហាញ​នូវ​ផល​ប៉ះពាល់​ធំធេង​ដែល​បច្ចេកវិទ្យា​ AI គ្រោង​នឹង​បង្ក​ឡើង​ចំពោះ​សេដ្ឋកិច្ច​ និង​សង្គម​៕

Advertisement