Honda សហការជាមួយ Nissan ដើម្បីផលិតរថយន្តអគ្គិសនីតម្លៃទាប

Nissan ត្រូវ​បាន​គេ​ជឿ​ថា កំពុង​ពិចារណា​លើ​ការ​ចាប់​ដៃ​ជាមួយ​ Honda ដើម្បី​អាច​អភិវឌ្ឍ​ថ្នាល​បច្ចេកវិទ្យា​ EV រួម​។ នេះ​បើ​តាម Nikkei Asia ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​ Nissan។

បច្ចុប្បន្ន Honda Motor មាន​រថយន្ត​អគ្គិសនី​ពីរ​ម៉ូដែល​ ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​សហរដ្ឋ​អាម៉េរិក នោះ​គឺ Honda Prologue និង Acura ZDX។ រថយន្ត​ទាំង​ពីរ​ម៉ូដែល​នេះ គឺជា​សមិទ្ធផល​នៃ​កិច្ច​សហការ​រវាងក្រុម​ហ៊ុន​ជប៉ុន Honda និង​ក្រុម​ហ៊ុន​អាម៉េរិក General Motors។

ពេល​នេះ Honda អាច​សហការ​ជាមួយ​ដៃគូ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ដែល​កាន់​តែ​ធូរ​ថ្លៃ​ជាង​មុន​។ ក៏ប៉ុន្តែ Nikkei ចេញ​ផ្សាយ​ថា​ ការពិភាក្សា​ផ្ទៃ​ក្នុង​របស់​ Nissan កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​ ខណៈ​ដែល​ការ​យល់​ឃើញ​របស់​ Honda ទាក់​ទិន​នឹង​កិច្ច​សហការ​នេះ មិន​ទាន់​ច្បាស់​លាស់​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រភព​ព័ត៌មាន​របស់ Nikkei ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ Honda និង Nissan អាច​ចាប់​ដៃ​គ្នា​ដើម្បី​ប្រកួត​ប្រជែង​នឹង​ក្រុម​ហ៊ុន​ចិន BYD ដែល​កំពុង​ធ្វើ​ព្យុះ​ បង្ក​ភ្លៀង​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​លើពិភពលោក​៕

Advertisement