គ្រាន់​តែ​លក់ «​​សំណល់​» ទៅ​ឱ្យបរទេស​ វៀតណាម​រក​ចំណូល​ជិត 3,000 លាន​ដុល្លារ

មិន​ត្រឹម​តែ​អ្នក​ជំនួញ​ចិន​ ជប៉ុន​នោះ​ទេ ប៉ុន្តែ​អ្នក​ទិញ​មក​ពី​ប្រទេស​ជាង​ 10 សុទ្ធ​តែ​ចង់​នាំ​ចូល​ទំនិញ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ «សំណល់» នៅ​វៀតណាម​។ នេះ​បើ​តាម​ការ​អួត​អាង​របស់​សារព័ត៌មាន​វៀតណាម​​។

ទំនិញ​ដែល​កំពុង​និយាយ​នេះ​ គឺជា​គ្រាប់កម្ទេច​​ឈើគាប។ យោង​តាម​សមាគម​ឈើ​ និង​ផលិត​ផល​ធ្វើ​ពី​ឈើ​វៀតណាម (Viforest) ក្នុង​ឆ្នាំ 2023 ប្រទេស​នេះ​បាន​នាំ​ចេញ​ «សំណល់ឈើ» ដែល​មាន​តម្លៃ​រហូត​ដល់​ 2.9 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

ជាក់​ស្ដែង ក្នុង​ឆ្នាំ​កន្លង វៀតណាម​បាន​នាំ​ចេញ​សំណល់​ឈើ​ជិត 14.42 លាន​តោន​ រក​ចំណូល​បាន​​ 2.22 ពាន់​លាន​ដុល្លារ​ ដែល​ប្រហែលនឹង​​ 8.8% នៃ​ការ​នាំ​ចេញ​សរុប​របស់​វិស័យ​ឈើ​។ ចំណែក​គ្រាប់​កម្ទេច​ឈើ​គាប​វិញ​ វៀតណាម​នាំ​ចេញ​បាន​ 4.67 លាន​តោន​ រក​ចំណូល​បាន​ជិត 680 លាន​ដុល្លារ​ ស្មើ​នឹង​ 5.2% នៃ​ការ​នាំ​ចេញ​សរុប​របស់​វិស័យ​ឈើ​។

គ្រាប់​កម្ទេច​ឈើ​គាប

គ្រាប់​កម្ទេច​ឈើ​គាប​របស់​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ចំនួន​ 22 ក្នុង​ឆ្នាំ​កន្លង។​ ក្នុង​នោះ ជប៉ុន​ និង​កូរ៉េខាងត្បូង​ គឺជា​អតិថិជន​ធំជាង​គេ​។

សមាគម​ Viforest ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​ខាងលើ​របស់​វៀតណាម ក្នុង​ឆ្នាំ​កន្លង​ មាន​ការ​ថយ​ចុះ​។ ក៏ប៉ុន្តែ ដើម​ឆ្នាំ​ 2024 វិស័យ​នេះ​បាន​បង្ហាញ​​សញ្ញាណ​វិជ្ជមាន​​ឡើង​វិញ​។

Advertisement