ផ្សារ​លក់ដុំ​ទំនិញ​នៅ​តាម​បណ្ដា​រាជធានី​-ខេត្ត ​គ្រោង​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ទំនិញ​ក្នុង​រដូវ​ប្រមូលផល​

(ភ្នំពេញ)៖ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងារចំពោះកិច្ចសិក្សាលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីប្រកាសពីសមាសភាពរបស់ក្រុមការងារនេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​។

 

កិច្ចប្រជុំដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី 23 មករា 2024 នៅទីស្តីការក្រសួងពាណិជ្ជកម្មខាងលើ​នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង តំណាងនាយកដ្ឋាននៃក្រសួងពាណិជ្ជកម្ម និងចូលរួមតាមប្រព័ន្ធអនឡាញ ពីតំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ជាសមាជិក-សមាជិកានៃក្រុមការងារជាច្រើនរូបផងដែរ។

 

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ក្រុមការងារនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសិក្សាពីលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាម បណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់ទិញ-លក់ទំនិញជាកសិផល សំដៅជួយសម្រួលដោះស្រាយបញ្ហាកកស្ទះទំនិញក្នុងរដូវប្រមូលផល។

Advertisement