ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ ទំនង​នឹង​ថយ​ចុះ​ក្នុង​ឆ្នាំ​ 2024  

ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ នៅ​ក្នុង​ឆ្នាំ 2024 ត្រូវ​បាន​គេ​ជឿ​ថា នឹង​មាន​ការ​ថយ​ចុះ​ ប្រមាណ 15% ដោយ​សារ​តែ​ល្បឿន​នៃ​ការ​ដណ្ដើម​ទិញ​ស្រូវ​អង្ករ​ដើម្បី​បំពេញ​ឃ្លាំង​​នៅ​លើ​ពិភពលោក បាន​ថម​ថយ​កម្លាំង​។ នេះ​បើ​តាម​ទំព័រ Bloomberg ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

លោក Chookiat Ophaswongse ប្រធាន​កិត្តិយស​នៃ​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ ឱ្យ​ដឹង​ថា ប្រទេស​នេះ​អាច​នឹង​ជួប​ប្រទះ​តម្រូវ​ការ​ទាប​ជាង​មុន​ពី​អ្នក​បញ្ជា​ទិញ​អង្ករ​នៅ​ឥណ្ឌូណេស៊ី​ ដែល​ជា​ដៃគូ​ជំនួញ​ធំ​របស់​ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​កន្លង​។ លោក​ Chookiat ថ្លែង​ថា ការ​ប្រែ​ប្រួល​តម្លៃ​របស់​ប្រាក់​បាតអាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ថៃ ជាមួយ​នឹង​បណ្ដា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ៗ​របស់​ពិភពលោក​។

យោង​តាម​តំណាង​សមាគម​នាំ​ចេញ​អង្ករ​ថៃ «ឥណ្ឌូណេស៊ី​ អាច​នឹង​កាត់​បន្ថយការ​នាំ​ចូល​អង្ករ​ ក្រោយ​ការ​បោះ​ឆ្នោត​សកល​របស់​ប្រទេស​នេះ​»​ ខណៈ​ដែលតម្លៃ​នៃ​​ប្រាក់​បាតរបស់​ប្រទេស​ថៃ ​ក៏​ប្រែ​ប្រួល ធ្វើ​ឱ្យ​តម្លៃអង្ករ​របស់ប្រទេស​នេះ​ ពិបាក​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​។

ទិន្នន័យ​បឋម​បង្ហាញ​ថា ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​ បាន​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​រង្វង់​ 5 ឆ្នាំ​មក​នេះ។ ក្នុង​ឆ្នាំ 2023 ថៃ​បាន​នាំ​ចេញ​អង្ករ​ប្រមាណ 8.8 លាន​តោន​ ច្រើន​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ 656,000 តោន​របស់​កម្ពុជា​​​៕

Advertisement