កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

ក្នុង​រយៈ​ពេល​ 12 ខែ​នៃ​ឆ្នាំ 2023 ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ សម្រេច​បាន​ជាង 656 ពាន់​តោន ស្មើ​នឹង​ តម្លៃ​ 466 លាន​ដុល្លារ​អាម៉េរិក​។

យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ 2023 មាន​កំណើន​លើ​បរិមាណ 3% និង​ចំនួន​ទឹក​ប្រាក់​មាន​កំណើន 13% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

CRF ឱ្យ​ដឹង​ថា ទីផ្សារ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា រួម​មាន 61 គោលដៅ​ ក្នុង​នោះ​មាន​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ (138 លាន​​ដុល្លារ​អាម៉េរិក), 26 ប្រទេស​នៅ​ទ្វីប​អឺរ៉ុប (191 លាន​ដុល្លារ​អាម៉េរិក)​, 7 ប្រទេស​ជា​សមាជិក​អាស៊ាន​ (62 លាន​ដុល្លារ​)​, 26 ប្រទេស​នៅ​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា (76 លាន​ដុល្លារ​អាម៉េរិក​)​។

ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ ស្មើ​នឹងជាង 82%, អង្ករ​គ្រាប់​វែងជិត 13%, អង្ករ​សគ្រាប់​ខ្លី 0.03%, អង្ករចំហុយជិត 3%, អង្ករសរីរាង្គ 1.62% និង​អង្ករ​ដំណើប 0.20%​៕

Advertisement