ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី 16 នឹង​ធ្វើ​ឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ 2023

(ភ្នំពេញ) ក្រសួងពាណិជ្ជកម្ម គ្រោងនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី 16 កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និ​បាតកោះពេជ្រ ចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2023។

យោងតាមសេចក្តីប្រកាសពត៌មានរបស់​ក្រសួង​ពាណិជ្ជកម្ម ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើនេះ ក្រសួង​​ក៏នឹងរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនផងដែរ ដែល​មាន​ដូចជា កម្មវិធីសិក្ខាសាលាស្តីពី ការជំរុញសកម្មភាព​ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធី ចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រ និងអភិវឌ្ឍវិស័យឯកជន។

ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះធ្វើឡើង ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវា ឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះ​បើ​តាមប្រកាស​របស់​ ​ក្រសួង​ពាណិជ្ជកម្ម ចុះថ្ងៃ​ទី 05 ខែ​ឧសភា ឆ្នាំ 2023​៕

Advertisement