ការ​នាំចេញ​របស់​ប្រទេស​ថៃ​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​អំឡុង​ 11 ខែកន្លង​

រូបភាពនៃកប៉ាល់កំពុងដឹកទំនិញនៅក្បែរកំពង់ផែក្នុងរាជធានីបាងកក

ការ​នាំ​​ចេញ​ផលិតផល​​របស់​ប្រទេសថៃ​ក្នុង​ខែ​សីហា 2023 បាន​កើន​​ឡើង​ជា​លើក​ដំបូង​​ ដែលនេះ​គឺជា​សញ្ញា​បញ្ជាក់អំពី​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។

យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃទី 26 កញ្ញា លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក Kirati Ratchano បាន​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​ក្នុង​ខែ​សីហា 2023 បាន​កើន​ 2.6% បើ​ធៀប​នឹង​ខែ​សីហា 2022 ដែលនេះ​គឺជា​សញ្ញា​បញ្ជាក់អំពី​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​ប្រទេស​នេះ​ចាប់​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ​។

លោក Kirati បញ្ជាក់​ថា តម្លៃ​នៃ​ការ​នាំ​ចេញ​របស់ប្រទេស​ថៃ​ក្នុង​ខែ​សីហា 2023 សម្រេច​បាន​ប្រហែល​ 8.25 ពាន់​លាន​បាត (242,796 លាន​ដុល្លារ​អាម៉េរិក)​។ ការ​នាំ​ចូល​ក្នុង​ដំណាក់​កាល​ដូច​គ្នា​នេះ​ថយ​ចុះ 12.8% មក​នៅ​ត្រឹម​ 8.23 ពាន់​លាន​បាត​។

គិត​ជារួម​ ក្នុង​រយៈ​ពេល​ 8 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ តម្លៃ​នៃ​ការ​នាំចេញ​របស់ប្រទេស​ថៃ​សម្រេច​បាន​ជាង 6.3 ទ្រីលាន​បាត​ (187.6 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ថយ​ចុះ​ 4.5% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​របស់​ឆ្នាំ​មុន​ ខណៈ​ការ​នាំ​ចូល​ថយ​ចុះ​ 5.7% មក​នៅ​​ប្រហែល​ 6.7 ទ្រីលាន​បាត​ នាំ​ឱ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​ប្រហែល​ជាង​ 300 ពាន់​លាន​បាត​។

លោក Kirati ឱ្យ​ដឹង​ថា ការ​នាំចេញ​របស់​ប្រទេស​ថៃ​ងើប​ឡើងវិញ​ដោយ​សារ​ការ​នាំ​ចេញ​កសិផល​កើន 4.2% ដែល​ជា​ការ​កើន​ឡើង​ដំបូង​ក្រោយ​រយៈ​ពេល​ 4​ ខែ​។ ​ការ​នាំ​ចេញ​ផ្លែ​ឈើ​បង្កក​ និង​ក្រៀម​កើន 99.8%​, ការនាំចេញ​អង្ករ​កើន 10%, បន្លែ​ប្រអប់​ និង​កែច្នៃ​កើន​ 26.5%, ទឹក​ដោះ និង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​កើន​ 13.2%, បន្លែ​បង្កក​ និង​ក្រៀម​កើន 22.8%​។

ការ​នាំ​ចេញ​ផលិត​ផល​ឧស្សាហកម្ម​ក្នុង​ខែសីហា​កើន 2.5% ក្នុង​នោះ​ ​រថយន្ត​ និង​គ្រឿង​បន្លាស់​កើន​ 5.2%​។

ក្នុង​ខែ​សីហា 2023 ការ​នាំ​ចេញ​របស់ប្រទេស​ថៃ​ទៅ​កាន់​ទីផ្សារ​ធំៗ​កើន​ 2.3% ក្នុង​នោះ​ ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​កើន​ 21.7%, ជប៉ុន​កើន​ 15.7% និង​ប្រទេស​ចិន​កើន​ 1.9%​។

ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ព្យាករ​ថា ការ​នាំ​ចេញ​ក្នុង​ខែ​កញ្ញា និង​ត្រីមាស​ចុង​ក្រោយ​របស់​ឆ្នាំ​នេះ​នឹង​ងើប​ឡើង​វិញ​៕

Advertisement