Tesla កាត់បន្ថយ​ការផលិត​រថយន្ត​អគ្គិសនី​នៅ Shanghai ប្រទេស​ចិន

ក្រុម​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla មាន​ផែនការ​កាត់បន្ថយ​ការផលិត​នៅឯ​រោងចក្រ​ក្នុង​ទីក្រុង Shanghai​ ដោយ​សារ​តែ​​តម្រូវការ​ជាក់ស្ដែង​មិន​សម​តាម​បំណង នេះ​បើតាម​ប្រភពព័ត៌មាន​របស់ Bloomberg។

ការកាត់បន្ថយ​ខាងលើ​នឹងមាន​សុពលភាព​ចាប់ពី​សប្ដាហ៍​នេះ។ ប្រភពព័ត៌មាន​របស់ Bloomberg ឱ្យដឹងថា ឥរិយាបថ​នេះ​អាច​បន្ថយ​បរិមាណ​រថយន្ត​របស់ Tesla ប្រហែល 20%។ ការសម្រេច​នេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី Tesla បាន​វាយតម្លៃ​រយៈពេល​ខ្លី​ចំពោះ​ទីផ្សារ​ចិន។ តំណាង​របស់ Tesla នៅ ប្រទេស​ចិន បាន​បដិសេធ​ការស្នើសុំ​ការអធិប្បាយ​ទាក់ទង​នឹង​បញ្ហា​នេះ។

ក៏ប៉ុន្តែ ក្រុមហ៊ុន​របស់ មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក អ៊ី​ឡុ​ន ម៉ាស នៅតែ​អាច​បង្កើន​បរិមាណ​ឡើងវិញ​នៅពេល​តម្រូវការ​ទីផ្សារ​បាន​កែលំអ។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល Tesla កាត់បន្ថយ​បរិមាណ​ដោយ​ខ្លួនឯង​សម្រាប់​រោងចក្រ​នៅ Shanghai។ ការកាត់បន្ថយ​ច្រើនលើក​មុន​នោះ​គឺ​ដោយសារ​បទបញ្ជា​បិទ​ខ្ទប់​ដើម្បី​បង្ការ​កូ​វីដ-19។

ការកាត់បន្ថយ​បរិមាណ​ខាងលើ​បង្ហាញថា តម្រូវការ​ទីផ្សារ​រថយន្ត​អគ្គិសនី Tesla នៅ ប្រទេស​ចិន មិនអាច​តាម​ទាន់​ការផ្គត់ផ្គង់​របស់​រោង​ចក្រ​នៅ Shanghai បន្ទាប់ពី​បរិមាណ​នៃ​ការផលិត​ត្រូវបាន​ដំឡើង​ទ្វេដង ពោលគឺ​ប្រហែល 1 លាន​គ្រឿង/ឆ្នាំ។

Junheng Li នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ភាគហ៊ុន JL Warren Capital បានឱ្យដឹងថា សមត្ថភាព​ផលិត​របស់​រោងចក្រ Tesla នៅ Shanghai គឺ​ប្រហែល 85,000 គ្រឿង/ខែ។

ប្រភពព័ត៌មាន​ឱ្យដឹងថា មូលហេតុ​ឫសគល់​នៃ​ការកាត់បន្ថយ​បរិមាណ​រថយន្ត​របស់ Tesla នៅ Shanghai គឺ​មកពី​មានការ​ប្រកួតប្រជែង​ដែល​កាន់​តែមាន​ច្រើនឡើង​ពី​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក ក្នុងនោះ​មាន BYD និង Guangzhou Automobile Group ជាដើម៕

Advertisement