ប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា ស្វែងយល់អំពីឱកាសបង្កើនការវិនិយោគ និងពាណិជ្ជកម្មនៅ កម្ពុជា

ប្រតិភូ​សមាគម​ធុរកិច្ច​ថៃ-កម្ពុជា នា​ព្រឹក​មិញ​នេះ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​របស់ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា។

នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី 28 វិច្ឆិកា 2022 ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានអនុញ្ញាត​ជូន លោក Voratat Tantimongkolsuk ប្រធាន​ថ្មី​របស់ សមាគម​ធុរកិច្ច​ថៃ-កម្ពុជា រួម​នឹង​សមាជិក​ប្រតិភូ ចូលជួប​ពិភាក្សា​ការងារ​ស្ដីពី​វិស័យ​ធុរកិច្ច​រវាង ប្រទេស​ថៃ និង កម្ពុជា។

លោក Voratat Tantimongkolsuk ប្រធាន​សមាគម​ធុរកិច្ច​ថៃ-កម្ពុជា បាន​ថ្លែងថា គោលបំណង​នៃ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សមាគម​ធុរកិច្ច​ថៃ-កម្ពុជា នាពេលនេះ គឺ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការបង្កើន​ឱកាស​ពាណិជ្ជកម្ម វិនិយោគ ពង្រីក​បណ្តាញ​ទីផ្សារ រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត។

ក្នុងជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​ជួយ​ឱ្យ គណៈប្រតិភូ​នៃ សមាគម​ធុរកិច្ច​ថៃ-កម្ពុជា ជ្រាប​ច្បាស់​ថែមទៀត​ពី​សក្តានុពល​របស់​កម្ពុ​ជា សម្រាប់​ការវិនិយោគ​នាពេល​បច្ចុប្បន្ន។

យោងតាម​ប្រសាសន៍​របស់ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើកំណែទម្រង់​ការផ្តល់​សេវាសាធារណៈ និង​បានដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ក្នុង​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ ការចុះបញ្ជី​ក្រុមហ៊ុន និង​ការចុះបញ្ជី​ម៉ាក ដែលមាន​ភាពងាយស្រួល តម្លាភាព និង​ប្រសិទ្ធភាព​ជាង​មុន។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ដល់ គណៈប្រតិភូ​សមា​គ​មធុ​រ​កិច្ច​ថៃ-កម្ពុជា ប្រើប្រាស់​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា​ដែល កម្ពុជា ជា​សមាជិក ដើម្បី​បង្កើន​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំងពីរ៕

Advertisement