សហរដ្ឋ​អាម៉េរិក ហាមឃាត់​ការលក់​ឧបករណ៍​ទូរគមនាគមន៍​របស់​ក្រុម​​ហ៊ុន​ចិន​ Huawei និង​ ZTE

សហរដ្ឋ​អាម៉េរិក បានដាក់​ក្រុមហ៊ុន Huawei និង ZTE ទៅក្នុង​បញ្ជី​ស្ដីពី​ក្រុមហ៊ុន​ដែល​ត្រូវបាន​ចាត់ទុកថា​ជាការ​គំរាមកំហែង​ដល់​ប្រទេស​នេះ និង​ហាម​ការផ្ដល់​អាជ្ញាប័ណ្ណ ក៏ដូចជា​ការនាំ​ចូល ឬ​លក់​ផលិតផល​របស់​ក្រុមហ៊ុន​ទាំងនេះ។

ក្រុមមន្ត្រី​អាម៉េរិក កាលពី​ថ្ងៃទី 25 វិច្ឆិកា បានប្រកាស​អំពី​បទបញ្ជា​ហាម​នាំចូល ឬ​លក់​ឧបករណ៍​ទំនាក់ទំនង​ដែល អាម៉េរិក ចាត់ទុកថា​ជា «ហានិភ័យ​មិនអាច​ទទួលយកបាន​ស​ម្រា​ប់​សន្តិសុខ​ជាតិ» ក្នុងនោះ​ក៏មាន​ផលិតផល​របស់​ក្រុមហ៊ុន​ចិន Huawei និង ZTE ផងដែរ។

ក្រុមហ៊ុន​ចិន​ទាំងពីរ​នេះ សុទ្ធតែ​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ស្ដីពី​បណ្ដា​ក្រុមហ៊ុន​ដែល​ត្រូវ គណៈកម្មការ​ទូរគមនាគមន៍​សហរដ្ឋ​អាម៉េរិក (FCC) ចាត់ទុកជា​ការគំរាមកំហែង។ បទបញ្ជា​ថ្មី​ក៏​ហាម​ការផ្ដល់​អាជ្ញាប័ណ្ណ​នៅ សហរដ្ឋ​អាម៉េរិក ចំពោះ​បណ្ដា​ឧបករណ៍​របស់ Huawei និង ZTE នៅក្នុង​អនាគត។

នេះ​គឺជា​ឥរិយាបថ​ថ្មី​បំផុត​នៅក្នុង​សកម្មភាព​ផ្លូវច្បាប់ ដើម្បី​កាត់បន្ថយ​សិទ្ធិ​របស់​បណ្ដា​ក្រុមហ៊ុន​ចិន ក្នុងការ​វាយលុក​ទីផ្សារ​ទូរគមនាគមន៍​នៅ សហរដ្ឋ​អាម៉េរិក។ ការសម្រេចចិត្ត​ខាងលើនេះ​ត្រូវបាន​លើកឡើង​នៅពេល​ស្ថានការណ៍​នយោបាយ និង​ពាណិជ្ជកម្ម​របស់ ចិន និង អាម៉េរិក កំពុង​ជាប់គាំង។

អាជ្ញាធរ​របស់ ប្រទេស​ចិន មិនទាន់មាន​ប្រតិកម្ម​ឆ្លើយតប​នៅឡើយ ទាក់ទិន​នឹង​បទបញ្ជា​ថ្មី​ខាងលើ​របស់ សហរដ្ឋ​អាម៉េរិក។

កាលពី​ឆ្នាំ 2019 សហរដ្ឋ​អាម៉េរិក បាន​បញ្ចូល​ក្រុមហ៊ុន Huawei ទៅក្នុង​បញ្ជីខ្មៅ និង​ហាម​ក្រុមហ៊ុន​អាម៉េរិក រកស៊ី​ជាមួយ ក្រុមហ៊ុន​ចិន​មួយ​នេះ។ ជា​លទ្ធផល ផ្នែក​ផលិត​ទូរស័ព្ទ​របស់ Huawei ហាក់​ស្ទើរតែ​ក្ស័យធន ដោយ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​នេះ​ធ្លាក់ចុះ​យ៉ាងគំហុក៕

Advertisement