ហ្វ៊ី​លី​ពី​ន បញ្ចុះ​អត្រាពន្ធ​សម្រាប់​យានយន្ត​អគ្គិសនី ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ឥន្ធនៈ​នាំចូល​ពី​បរទេស

រថយន្តអគ្គិសនី

កាលពី​ថ្ងៃទី 24 វិច្ឆិកា 2022 ក្រុមប្រឹក្សា​អន្តរ​វិស័យ​មួយ​របស់ ហ្វ៊ី​លី​ពី​ន ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី Ferdinand Marcos Jr បានអនុម័ត​លើ​ការបន្ថយ​អត្រាពន្ធ​ចំពោះ​យានយន្ត​អគ្គិសនី ដើម្បី​ជំរុញ​ការប្រើប្រាស់​ក្នុង​គ្រា​ដែល​ការចំណាយ​ទៅលើ​ឥន្ធនៈ​កើនឡើង​ខ្ពស់។

ប្រធានាធិបតី Ferdinand Marcos Jr នឹង​ចេញ​អនុក្រឹត្យ​ស្ដីពី​ការកាត់បន្ថយ​ពន្ធ​ឱ្យ​ចុះមក​នៅត្រឹម 0% សម្រាប់​យានយន្ត​អគ្គីសនី ដែល​រួមមាន​ដូចជា កូន​រថយន្ត, រថយន្តក្រុង រថយន្ត​ដឹកទំនិញ ម៉ូតូ និង​កង់ ក៏ដូចជា​គ្រឿងបន្លាស់​យានយន្ត​សម្រាប់​យានយន្ត​អគ្គិសនី ក្នុង​រយៈពេល 5 ឆ្នាំ។

នៅ ហ្វ៊ី​លី​ពី​ន ពន្ធ​នាំចូល​បច្ចុប្បន្ន​សម្រាប់​យានយន្ត​អគ្គិសនី​គឺ​ចាប់ពី 5% ដល់ 30%។ ក៏ប៉ុន្តែ អត្រាពន្ធ​សម្រាប់​យានយន្ត hybrid (យានយន្ត​ដែល​ដំណើរការ​ដោយ​អគ្គិសនី​ផង សាំង​ផង) នឹងត្រូវ​បាន​រក្សា​ឱ្យនៅ​ដដែល។

រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​សេដ្ឋកិច្ច​ហ្វ៊ី​លី​ពី​ន Arsenio Balisacan ឱ្យដឹងថា សេចក្ដីសម្រេច​ខាងលើ​គឺ​ក្នុង​បំណង​ពង្រីក​ទីផ្សារ និង​លើកទឹកចិត្ត ក៏ដូចជា​ជំរុញឱ្យមាន​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​កាន់តែច្រើន ដើម្បី​កែលំអ​សន្តិសុខ​ថាមពល​ដោយ​ការកាត់បន្ថយ​ការពឹង​ផ្អែកលើ​ឥន្ធនៈ​នាំចូល និង​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​វិស័យ​អគ្គិសនី​ក្នុងប្រទេស។

បច្ចុប្បន្ន អ្នកប្រើប្រាស់​នៅ ហ្វ៊ី​លី​ពី​ន ត្រូវ​ចំណាយ​ប្រាក់​ចាប់ពី 21,000 ដុល្លារ​អាម៉េរិក ដល់ 49,000 ដុល្លារ ដើម្បី​ទិញ​បាន​រថយន្ត​អគ្គិសនី​មួយគ្រឿង ដែល​នេះ​ខ្ពស់ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ពី 19,000 ដល់ 26,000 ដុល្លារ​សម្រាប់​រថយន្ត​ចំហេះ​ក្នុង។

យោងតាម​ទិន្នន័យ​របស់ រដ្ឋាភិបាល​ហ្វ៊ី​លី​ពី​ន ក្នុងចំណោម​រថយន្ត​ជាង 5 លាន​គ្រឿង​ដែល​បាន​ចុះឈ្មោះ​នៅ​ប្រទេស​នេះ មានតែ 9,000 គ្រឿង​ប៉ុណ្ណោះ​ដែលជា​រថយន្ត​អគ្គិសនី ក្នុងនោះ ភាគច្រើន​គឺជា​កូន​រថយន្ត។

ចំណែក​ទិន្នន័យ​ពី ការិយាល័យ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់ សហរដ្ឋអាមេរិក វិញ បាន​បង្ហាញថា រថយន្ត​អគ្គិសនី​ផ្ទាល់ខ្លួន​រួមចំណែក​តែ 1% ប៉ុណ្ណោះ​នៅក្នុង​ទីផ្សារ ហើយ​ភាគច្រើន​គឺជា​កម្មសិទ្ធិ​របស់​អ្នកមាន​លំដាប់កំពូល៕

Advertisement