ស្ថាប័នគយ​ចិន ចេញប្រកាស​ថ្មី អាចធ្វើឱ្យ​ទំនិញ​ទាំងអស់​ដែល​ឆ្លងកាត់​ព្រំដែន ត្រូវ «គាំងដំណើរ» ចាប់ពី​​ថ្ងៃ​ទី​ ២០ ខែធ្នូ ឆ្នាំ ២០២១

អាជ្ញាធរ​ចិន បន្ត​រឹតបន្តឹង​ការធ្វើដំណើរ​ចេញចូល​តាម​ច្រកព្រំដែន ដោយសារតែ​ព្រួយបារម្ភ​អំពី​ការ​រាតត្បាត​របស់ កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

សារព័ត៌មាន SCMP បាន​ចុះផ្សាយ​ថា អាជ្ញាធរ​គយ​របស់​ចិន កាលពី​ថ្ងៃទី ២០ ខែធ្នូ បានចេញ​ប្រកាស​មួយ​ស្ដីពី​ការ​រឹតបន្តឹង​វិធានការ​ទប់ស្កាត់ ជំងឺ​កូ​វីដ-១៩ ចំពោះ​មនុស្ស មធ្យោបាយ​ធ្វើដំណើរ និង​ទំនិញ​មកពី​បណ្ដា​ប្រទេស​ដែលមាន​វត្តមាន​របស់ អូ​មី​ក្រុង។ ព្រំដែន​ទាំងអស់​របស់​ប្រទេស​នេះ ក៏​នឹង​ត្រូវបាន​រឹតបន្តឹង​ការត្រួតពិនិត្យ ក្រោយពី​អាជ្ញាធរ​ចិន បាន​រកឃើញ​ករណី​ឆ្លង អូ​មី​ក្រុង ចំនួន ៦ នាក់ នៅក្នុង​ទីក្រុង​ចំនួន ៣ របស់​ប្រទេស​នេះ កាលពី​សប្ដាហ៍​កន្លង។

ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ «គ្មាន​កូ​វីដ» ក្រុម​អ្នកជំនាញ និង​អ្នកទទួលខុសត្រូវ​នៅ ប្រទេស​ចិន ជឿជាក់ថា ពួកគេ​អាច​ទប់ស្កាត់​ជំងឺឆ្លង​ពី​ព្រំដែន ដែល​នេះ​បង្ហាញថា គយ​របស់​ប្រទេស​នេះ​អាច​នឹង​បិទ​ខ្ទប់​ព្រំដែន ដែលនាំឱ្យ​ទំនិញ​ត្រូវ​ស្ទះ​នៅនឹងកន្លែង។

«ច្រកព្រំដែន បច្ចុប្បន្ន​គឺជា​អាទិភាព​ទី ១ និង​ជា​ចំណុច​សំខាន់​នៅក្នុង​ការទប់ស្កាត់​រោគ​ឆ្លង។ យើង​នឹង​បង្កើន​ការត្រួតពិនិត្យ​ទំនិញ និង​មនុស្ស​ដែល​ឆ្លងកាត់ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រជាជន នៅ​ចំពោះមុខ វ៉ា​រ្យ៉​ង់​ថ្មី» Mi Feng អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​សុខាភិបាល​ជាតិចិន (NHC) បានបញ្ជាក់​ដូច្នេះ៕

Advertisement