G7 និង អូស្ត្រាលី ឯកភាពគ្នា​ក្នុងការ​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ឆៅ​របស់ រុស្ស៊ី

ការកំណត់​តម្លៃ​ពិតាន​នេះ​គឺធ្វើឡើង​ដើម្បី​ធានាថា ទណ្ឌកម្ម​ដើម្បី​កាត់បន្ថយ​សមត្ថភាពរ​បស់ រុស្ស៊ី នៅក្នុង​ការប្រមូល​ធន​ធាន​សម្រាប់ធ្វើ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន មិន​បង្ក​សម្ពាធ​ទៅលើ​ទីផ្សារ​ប្រេង​ឆៅ​របស់​ពិភពលោក។

ក្រុម​ប្រទេស​ដែលមាន​វិស័យ​ឧស្សាហកម្ម​រីកចម្រើន​ជាងគេ​ក្នុង​ពិភពលោក (G7) និង ប្រទេស​អូស្ត្រាលី បាន​ឯកភាពគ្នា​លើ​ការកំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ឆៅ​របស់ រុស្ស៊ី ជំនួស​ឱ្យ​ការ​បណ្ដោយ​តាម​ទីផ្សារ។

ក្រុមមន្ត្រី​អាម៉េរិក និង​បណ្ដា​ប្រទេស​សមាជិក G7 បាន​ពិភាក្សាគ្នា​យ៉ាងសកម្ម​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លងមកនេះ​អំពី​ផែនការ​កំណត់​តម្លៃ​ពិតាន​លើ​ប្រេង​ឆៅ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ ដែល​គ្រោង​នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី 05 ធ្នូ​ខាងមុខ ដើម្បី​ធានាថា ទណ្ឌកម្ម​នានា​របស់ សហភាព​អឺរ៉ុប និង សហរដ្ឋ​អាម៉េរិក ក្នុង​បំណង​កាត់បន្ថយ​សមត្ថភាពរ​បស់ រុស្ស៊ី នៅក្នុង​ការប្រមូល​ធន​ធាន​សម្រាប់ធ្វើ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នឹងមិន​បង្ក​សម្ពាធ​ទៅលើ​ទីផ្សារ​ប្រេង​ឆៅ​របស់​ពិភពលោក។

តម្លៃ​ពិតាន​ដំបូង​មិនទាន់​ត្រូវ​បានកំណត់​ជាក់លាក់ ប៉ុន្តែ​នឹងត្រូវ​បានលើកឡើង​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។ ដៃគូ​សហការ​ក្នុង​សម្ព័ន្ធភាព​ខាងលើ​បាន​ឯកភាពគ្នា​ថា នឹង​វាយតម្លៃ​អំពី​តម្លៃ​ពិតាន​នេះ​ទៅតាម​ដំណាក់កាល និង​កែសម្រួល​បើសិនជា​ចាំបាច់។

ប្រទេស​រុស្ស៊ី អាច​ទទួលបាន​ផលចំណេញ​ទៅតាម​តម្លៃ​ប្រេង Brent បើសិន​មិនមាន​ការកំណត់​តម្លៃ​ពិតាន ដោយសារ​តម្លៃ​ប្រេង​របស់​ប្រទេស​នេះ​អាច​កើនឡើង​នៅពេល​តម្លៃ​ប្រេង Brent ឡើងថ្លៃ​ទៅតាម​ការកាត់បន្ថយ​ប្រភព​ផ្គត់ផ្គង់​របស់ ទីក្រុង​មូ​ស្គូ ព្រោះថា រុស្ស៊ី គឺជា​អ្នក​ផលិត​ប្រេង​ធំជាងគេ​មួយ​ក្នុង​ពិភពលោក។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen និង​ក្រុមមន្ត្រី​ដទៃទៀត​របស់ G7 បាន​ឯកភាព​អនុវត្ត​ការកំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ឆៅ​របស់ រុស្ស៊ី ចាប់ពី​ថ្ងៃទី 05 ធ្នូ 2022 និង​បណ្ដា​ផលិតផល​កែច្នៃ​ពី​ប្រេង​ឆៅ​ចាប់ពី​ថ្ងៃទី 05 កុម្ភៈ 2023។

ចំណែក​ភាគី​ប្រទេស​រុស្ស៊ី វិញ បាន​និយាយថា ខ្លួន​នឹងមិន​ផ្គត់ផ្គង់​ប្រេង​ទៅឱ្យ​បណ្ដា​ប្រទេស​ដែល​កំណត់​តម្លៃ​ពិតាន​នេះ​ជាដាច់ខាត៕

Advertisement