ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​វៀតណាម សម្រេចបាន 1.5 ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល 9 ខែ​ដើមឆ្នាំ 2022

កំពង់ផែស្ងួតហុងឡេងហួរ នៅ ភ្នំពេញ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​រវាង ប្រទេស​កម្ពុជា និង ប្រទេស​វៀតណាម សម្រេចបាន​ជាង 4 ពាន់​លាន​ដុល្លារ​អាម៉េរិក នៅក្នុង​រយៈពេល 9 ខែ​ដើមឆ្នាំ 2022 ដែល​នេះ​បាន​ជួយ​ឱ្យ ប្រទេស​វៀតណាម ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បង្អស់​របស់ កម្ពុជា នៅក្នុង តំបន់​អាស៊ាន។

ការនាំចេញ​ទំនិញ​របស់ កម្ពុជា ទៅកាន់ វៀតណាម សម្រេចបាន 1.5 ពាន់​លាន​ដុល្លារ កើន 3% ធៀប​នឹង​ឆ្នាំ 2021 និង​ការ​នាំចូល​ទំនិញ​ពី វៀតណាម សម្រេចបាន 3 ពាន់​លាន​ដុល្លារ កើន 35%។ ដូច្នេះ នៅក្នុង​រយៈពេល 3 ត្រីមាស​ដើមឆ្នាំ 2022 នេះ ការដោះដូរ​ទំនិញ​សរុប​រវាង កម្ពុជា និង វៀតណាម សម្រេចបាន​ជាង 4 ពាន់​លាន​ដុល្លារ​អាម៉េរិក កើន 22% ធៀប​នឹង​ឆ្នាំ 2021។

នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ថៃ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​លំដាប់​ទី 2 របស់ កម្ពុជា សម្រាប់ 9 ខែ​ដើម​ឆ្នាំនេះ។ ក្នុង​រយៈពេល 9 ខែ​ដើមឆ្នាំ 2022 ការនាំចេញ​របស់ កម្ពុជា ទៅកាន់​ទីផ្សារ​ប្រទេស​ថៃ សម្រេចបាន​ជាង 6 រយ​លាន​ដុល្លារ​អាម៉េរិក កើន 38% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ 2021 ខណៈដែល​ការនាំចេញ​របស់ ប្រទេស​ថៃ មកកាន់ កម្ពុជា សម្រេចបាន​ជិត 3 ពាន់​លាន​ដុល្លារ​អាម៉េរិក កើន 25%។ ជារួម ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ប្រទេស​ថៃ និង កម្ពុជា សម្រេចបាន​ជាង 3 ពាន់​លាន​ដុល្លារ កើន 27% ធៀប​នឹង 9 ខែ​ដើមឆ្នាំ 2021។

ដោយឡែក ការដោះដូរ​ពាណិជ្ជកម្ម​រវាង កម្ពុជា ជាមួយនឹង​បណ្ដា​ប្រទេស​អាស៊ាន ក្នុង​រយៈពេល 9 ខែ​ដើមឆ្នាំ 2022 នេះ សម្រេចបាន​ជាង 12 ពាន់​លាន​ដុល្លារ​អាមេរិក កើន 10% ធៀប​នឹង 9 ខែ​ដើម​ឆ្នាំមុន។ ចំណែក​ការដោះដូរ​ពាណិជ្ជកម្មរ​វាង កម្ពុជា ជាមួយនឹង​ពិភពលោក​ទាំងមូល សម្រេចបាន​ជាង 41 ពាន់​លាន​ដុល្លារ​អាមេរិក កើន​ជាង 18% បើ​ធៀប​នឹង 9 ខែ​ដើមឆ្នាំ 2021៕

Advertisement