Foxconn ដំឡើង​រថយន្ត​អគ្គិសនី INDI One ឱ្យ​ក្រុមហ៊ុន​ INDI EV

រថយន្តអគ្គិសនី INDI One ក្រុមហ៊ុន INDI EV

INDIEV ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​នាយកប្រតិបត្តិ​ ២ រូប​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Faraday Future គឺ Steve Orsario និង Steven Offutt កាលពី​ឆ្នាំ​ ២០១៧​។ ក្រុម​ហ៊ុន​នេះ​បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ INDI One កាលពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​ ២០២១​ ហើយ​នេះ​គឺជា​ crossover អគ្គិសនី​ដែល​មាន​តម្លៃ​ចាប់​ពី​ ៤៥,០០០ ដុល្លារ​អាម៉េរិក​។

កាលពី​ថ្ងៃទី ៦ តុលាកន្លង​ទៅ ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ INDIEV ដែល​មាន​មូលដ្ឋាន​នៅ​ Los Angeles សហរដ្ឋ​អាម៉េរិក​ ប្រកាស​ថា បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ Hon Hai (Foxconn)។ យោង​តាម​កិច្ច​ព្រមព្រៀង​នេះ​ Foxconn នឹង​ដំឡើង​រថយន្ត​អគ្គិសនី INDI One នៅ​ក្នុង​រោង​ចក្រ​របស់​ខ្លួន​នៅ Ohio សហរដ្ឋ​អាម៉េរិក​។

រថយន្ត​អគ្គិសនី INDI One ដែល​មាន​ទំហំ​ធំ​បន្តិច​ បើធៀប​នឹង​ Tesla Model Y ឬ Ford Mustang Mach-e បំពាក់​ថ្ម​ផ្ទុក​អគ្គិសនី​​ ៩៥ kWh ជួយឱ្យ​វាយ​ធ្វើ​ដំណើរ​បាន​ ៤៨៣ គីឡូម៉ែត្រ​ បន្ទាប់​ពី​បញ្ចូល​ថាមពល​ម្ដង​។ INDI One បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ ២ គ្រឿង​ ដែល​មាន​កម្លាំង​សរុប​ ៤១០ សេះ​។

កាលពី​ខែ​មករា​ ក្រុម​ហ៊ុន INDIEV បាន​បង្ហាញ​ INDI One របស់​ខ្លួន​នៅ CES និង​ទទួល​ការ​បញ្ជាទិញ​ចាប់​ពីត្រីមាស​ដំបូង​នៃ​ឆ្នាំ​ ២០២២ ហើយ​នឹង​ចាប់​ផ្ដើម​ប្រគល់​រថយន្ត​នៅ​ក្នុង​ឆ្នាំ​នេះ​។ គោល​ដៅ​នេះធ្លាប់​ត្រូវ​បាន​គេ​សង្ស័យ​ថា ប្រហែល​មិន​អាច​សម្រេច​បាន​។ ក៏ប៉ុន្តែ ពេល​នេះ INDIEV មាន​ Foxconn ជួយ​ជ្រោម​ជ្រែក​ក្នុង​ការ​ផលិត​៕

Advertisement