BYD គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ ប្រទេស​ថៃ​​ ដើម្បី​ដណ្ដើម​ទីផ្សារ​នៅ​ អាស៊ី​អាគ្នេយ៍

ក្រោយពី Tesla របស់ អាម៉េរិក បង្កើន​ការជ្រើសរើស​បុគ្គលិក ក្នុង​បំណង​ពង្រីក​ទីផ្សារ​ទៅក្នុង ​ប្រទេស​ថៃ ភ្លាមនោះ BYD របស់ ចិន ក៏មាន​មហិច្ឆតា​ប្រែក្លាយ ប្រទេស​ថៃ ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ផលិត​ដំបូង​របស់ខ្លួន​នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍។

BYD ដែលជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​លំដាប់​កំពូល​របស់ ប្រទេស​ចិន និង​ជា​គូប្រជែង​សំខាន់​មួយ​របស់ Tesla នឹង​ប្រែក្លាយ ប្រទេស​ថៃ ឱ្យទៅជា​មជ្ឈមណ្ឌល​ផលិតរថយន្ត​អគ្គិសនី​​ដំបូង​របស់ខ្លួន​នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍។

យោងតាម​សារព័ត៌មាន Nikkei នេះ​អាចជា​ឧបសគ្គ​មួយ​សម្រាប់​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន​ផ្សេងទៀត​ដែល​កំពុងមាន​វត្តមាន​នៅ ​ប្រទេស​ថៃ។ BYD បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្រើប្រាស់​តម្រូវកា​រ​រថយន្ត​អគ្គិសនី​ដែល​កំពុង​កើតឡើង​ខ្ពស់ ក៏ដូចជា​កញ្ចប់​ជំនួយ​ដែល​ផ្ដល់​ដោយ រដ្ឋាភិបាល​ថៃ ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ​នៅប្រទេស​នេះ​ ក៏ដូចជា​ អាស៊ីអាគ្នេយ៍​ ទាំង​មូល។

យោងតាម​មន្ត្រី​មួយរូប​នៅក្នុង​ក្រុមប្រឹក្សា​វិនិយោគ​របស់ ប្រទេស​ថៃ ក្រុម​ហ៊ុន​ BYD នឹង​បោះទុន​សរុប ១៧.៩ ពាន់​លាន​បាត (៤៨៨ លាន​ដុល្លារ​អាម៉េរិក) ទៅក្នុង​ខេត្ត Rayong ជាទី​ដែល​ត្រូវបាន​គេ​ជឿថា BYD បាន​ទិញ​ដី ១១២ ហិកតា ដើម្បី​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី។

កាលពី​ខែ​មុន ក្រុមប្រឹក្សា​វិនិយោគ​ថៃ បានផ្ដល់​សិទ្ធិ​វិនិយោគ​ពិសេស​មួយ​ទៅឱ្យ BYD។ មន្ត្រី​មួយរូប​របស់ ប្រទេស​ថៃ បាន​និយាយថា បច្ចុប្បន្ន BYD ត្រូវ​ចាប់ផ្ដើម «វិនិយោគ​ក្នុង​រង្វង់ ៣ ឆ្នាំ»។

បរិមាណ​រថយន្ត​អគ្គិសនី​ដែល​ត្រូវបាន​លក់​ចេញ​នៅ ប្រទេស​ថៃ ត្រូវបាន​គេ​ព្យាករ​ថា នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយសារតែ​កញ្ចប់​ជំនួយ​របស់ រដ្ឋាភិបាល​ថៃ ដែល​នឹង​ជួយ​ឱ្យ​តម្លៃ​រថយន្ត​អគ្គិសនី​ថោក​ជាង​ទីផ្សារ​ខាងក្រៅ។

គំនិត​ផ្ដួចផ្ដើម​ក្នុងការ​បញ្ចេញ​កញ្ចប់​ជំនួយ​សម្រាប់​វិស័យ​រថយន្ត​អគ្គិសនី​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ទាក់ទាញ​អ្នកប្រើប្រាស់​ដើម្បី​បង្កើតបានជា​ខឿនសេដ្ឋកិច្ច​មួយ និង​ជំរុញ​ការវិនិយោគ​ក្នុង​វិស័យនេះ។ តម្លៃ​នៃ​កញ្ចប់​ជំនួយ​ទាំងឡាយ​អាច​ឡើងដល់ ១៥០,០០០ បាត សម្រាប់​រថយន្ត​អគ្គិសនី​មួយគ្រឿង៕

Advertisement