ជប៉ុន បង្កើន​ទំហំ​នៃ​ការផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី ដើម្បី​ក្ដោប​ក្ដាប់​ទីផ្សារ​

ប្រទេស​ជប៉ុន កំពុង​តែមាន​ផែនការ​ពង្រីក​ទីផ្សារ​រថយន្ត​អគ្គិសនី ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុងនោះ ការអភិវឌ្ឍ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​គឺជា​កត្តា​ដែល​មិនអាច​រំលង​បាន។

ដោយសារ​មានការ​រឹតបន្តឹង​ក្នុងការ​ការពារ​បរិស្ថាន​កាន់តែខ្លាំងឡើងៗ ទីផ្សារ​រថយន្ត​អគ្គិសនី​កំពុងតែ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី បណ្ដា​ក្រុមហ៊ុនធំៗរបស់ ប្រទេស​ជប៉ុន កំពុងតែ​ផ្ដោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ការអភិវឌ្ឍ​ថ្ម​ផ្ទុក​ថាមពល ព្រោះថា វា​គឺជា​ផ្នែក​ដ៏​សំខាន់​របស់​រថយន្ត​អគ្គិសនី។

យោងតាម​សារព័ត៌មាន Sankei ក្រុមហ៊ុន​សាជីវកម្ម Toyota បានឱ្យដឹងថា នឹង​វិនិយោគ ៧៣០ ពាន់​លាន​យ៉េន ដើម្បី​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នៅ ជប៉ុន និង សហរដ្ឋ​អាម៉េរិក ហើយ​ការផលិត​នឹង​ចាប់ផ្ដើម​ពី​ឆ្នាំ ២០២៤។

ក្រៅពី Toyota ក្រុមហ៊ុន​ខ្នាត​យក្ស​មួយ​ផ្សេងទៀត​របស់ ជប៉ុន ក៏​បង្កើន​ការវិនិយោគ​ទៅលើ​ទីផ្សារ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី នោះ​គឺ Honda។ Honda និង​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន LG របស់ កូរ៉េខាងត្បូង ដើម្បី​ផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក ដោយ​ចំណាយ​ដើមទុន​ប្រមាណ ៦១០ ពាន់​លាន​យ៉េន។ យោងតាម​គម្រោង កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ចាប់ផ្ដើម​ពី​ឆ្នាំ ២០២៣ និង​ផលិត​ក្នុង​បរិមាណ​ច្រើន​ចាប់ពី​ឆ្នាំ ២០២៥។

ដើម្បី​គាំទ្រ​ដល់ទី​ផ្សារ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា របស់ ជប៉ុន ក៏បាន​ប្រកាស​គោលដៅ​សម្រាប់​ពី​ពេលនេះ​ដល់​ឆ្នាំ ២០៣០ ក្នុងនោះ ក្រសួង​នឹង​បណ្ដុះបណ្ដាល​វិស្វករ​ឱ្យបាន​ដល់ ៣ ម៉ឺន​នាក់ សម្រាប់​បម្រើ​ដល់​ការអភិវឌ្ឍ​ថ្ម​ក្នុង​វិស័យនេះ ដោយសារ​ថា បច្ចុប្បន្ន ជប៉ុន មាន​បុគ្គលិក​ប្រមាណ​តែ ៥,០០០ នាក់​ប៉ុណ្ណោះ ដែល​ធ្វើការ​ក្នុង​វិស័យ​ផលិត​ថ្ម​ផ្ទុក​ថាមពល។

បច្ចុប្បន្ននេះ ​រាជ​រដ្ឋាភិបាល​ជប៉ុន មាន​គោលនយោបាយ​ជាច្រើន​ដែល​លើកទឹកចិត្ត​ឱ្យធ្វើ​ការអភិវឌ្ឍ​ដើម្បី​អាច​គ្រប់គ្រង​ទីផ្សារ​រថយន្ត​អគ្គិសនី និង​ថ្ម​ផ្ទុក​អគ្គិសនី ក្នុងនោះ គោលដៅ​ចម្បង​របស់ ជប៉ុន គឺ​ការបង្កើន​ការផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​ឱ្យបាន​ឡើងដល់ ៦០០ Gwh ដែល​ស្មើនឹង ២០% នៃ​ទីផ្សារ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នៅ​ទូទាំង​ពិភពលោក ក្នុង​ឆ្នាំ ២០៣០៕

Advertisement