ការផលិត​រថយន្ត​អគ្គិសនី​គ្រឿង​ទី «បួន​លាន» ជួយ​ឱ្យ Tesla នាំមុខគេ​យ៉ាង​ឆ្ងាយ

ក្នុង​ព្រឹត្តិការណ៍ «អ្នកវិនិយោគ​ឆ្នាំ 2023» របស់ Tesla សម្រាប់​ភាគ​ហ៊ុ​និក ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី 01 មីនា 2023 ក្រុមហ៊ុន Tesla បានឱ្យដឹងថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​ផលិត​របស់​ពួកគេ សម្រេចបាន​បួន​លាន​គ្រឿង។

រថយន្ត​ទី​បួន​លាន​របស់ Tesla គឺ Model Y ផលិត​នៅ​រោងចក្រ Giga Texas ជាទី​ដែល​ប្រារព្ធ​ព្រឹត្តិការណ៍ «អ្នកវិនិយោគ​ឆ្នាំ 2023»។ Tesla ក៏បាន​ចុះផ្សាយ​វីដេអូ​ខ្លី​មួយ ក្នុង​នោះគេ​ឃើញ​មាន​បុគ្គលិក​ទាំងឡាយ​នាំគ្នា​ជប់លៀង​អបអរ​ជោគជ័យ​ដែល​ពួកគេ​សម្រេចបាន។

យោងតាម Tesla ក្រុមហ៊ុន​នេះ​ត្រូវ​ចំណាយពេល​រហូតដល់ 12 ឆ្នាំ ទើប​ផលិត​បាន​រថយន្ត​អគ្គិសនី​មួយគ្រឿង​ដំបូង។ រថយន្ត​អគ្គិសនី Tesla ទីមួយ​លាន​ត្រូវបាន​ផលិត​កាលពី​ឆ្នាំ 2020។ មុន​នោះ​យ៉ាងយូរ រថយន្ត​ដំបូង​របស់ Tesla គឺ Tesla Roadster ជំនាន់​ដំបូង​ត្រូវបាន​ផលិត និង​លក់​ក្នុង​ឆ្នាំ 2008។

ចាប់តាំងពី​ឆ្នាំ 2008 Tesla ក៏បាន​បង្កើន​ការផលិត និង​ការលក់​ចេញ​ជា​បន្តបន្ទាប់។ គិត​ត្រឹម​ចុងឆ្នាំ 2022 Tesla ផលិត​បាន​ជាង 3.7 លាន​គ្រឿង។

រាប់​ចាប់ពី​ចំណុច​បី​លាន​គ្រឿង​ដល់​បួន​លាន​គ្រឿង Tesla ប្រើពេល 7 ខែ។ តួលេខ និង​ពេលវេលា​នេះ​បង្ហាញថា បច្ចុប្បន្ន Tesla អាច​ផលិត​បាន​ជាង 1.7 លាន​គ្រឿង/ឆ្នាំ ខ្ពស់ជាង​ឆ្ងាយ​បើ​ធៀប​នឹង​តួលេខ​ជិត 1.3 លាន​គ្រឿង​កាលពី​ឆ្នាំ 2022។ ឆ្នាំនេះ Tesla អាច​ផលិត​បាន 1.8 លាន​គ្រឿង ប៉ុន្តែ​អ្នកខ្លះ​ជឿថា អាច​ឡើងដល់ 2 លាន​គ្រឿង។

ជាក់ស្ដែង ល្បឿន​នៃ​ការផលិត​របស់ Tesla គ្រោង​នឹង​កើនឡើង​ដល់ 20 លាន​គ្រឿង/ឆ្នាំ ជិត​ស្មើនឹង​ទ្វេដង​នៃ​ចំនួន​រថយន្ត​ដែល​បណ្ដា​ក្រុមហ៊ុនធំៗសម្រេចបាន៕

Advertisement