អាជ្ញាធរ​​ថៃ ​សហការ​ជាមួយ អាជ្ញាធរ​វៀតណាម ដើម្បី​ដំឡើងថ្លៃ​អង្ករ​នាំចេញ

ប្រទេស​ថៃ និង វៀតណាម នឹង​ពិភាក្សាគ្នា​លម្អិត​អំពី​កិច្ចព្រមព្រៀង​សហប្រតិបត្តិ ​ឆ្ពោះទៅរក​ការដំឡើងថ្លៃ​អង្ករ​នាំចេញ​ឱ្យ​សមស្រប​នឹង​ការចំណាយ​ក្នុង​ការផលិត។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​សហករណ៍​ថៃ Chalermchai Sri-on កាលពី​ថ្ងៃទី ០៣ កញ្ញា បានឱ្យដឹងថា ប្រទេស​ថៃ និង​វៀតណាម បាន​ឯកភាពគ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​​ដំឡើងថ្លៃ​អង្ករ​នាំចេញ ធានាឱ្យមាន​យុត្តិធម៌ជាង​មុន​ ក្នុង​គ្រា​ដែល​ការចំណាយ​លើ​ការផលិត​កើនឡើង​ខ្ពស់។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​សហករណ៍​ថៃ បង្ហើប​ឱ្យដឹងថា ភាគី​ថៃ និង វៀតណាម បាន​បង្កើត​ក្រុម​បេសកកម្ម​ពិសេស​ដើម្បី​អនុវត្ត​កិច្ចសហប្រតិបត្តិការនេះ។ តាម​ផែនការ ក្រុម​បេសកកម្ម​របស់​ប្រទេស​ទាំងពីរ​នឹង​ជួបពិភាក្សា​គ្នាឆាប់ៗ ដើម្បី​ឈានដល់​ការឯកភាព​គ្នា​ក្នុងការ​ដំឡើងថ្លៃ​អង្ករ​នាំចេញ។

លោក Chalermchai Sri-on ក៏បាន​សង្កត់ធ្ងន់ថា ការដំឡើងថ្លៃ​អង្ករ​នាំចេញ​ឱ្យ​សមស្រប​នឹង​ការចំណាយ​ក្នុងការ​ផលិត ​គឺជា​ភារកិច្ច​របស់​ប្រទេស​នាំចេញ។

បច្ចុប្បន្ន ថៃ គឺជា​ប្រទេស​នាំចេញ​អង្ករ​ធំជាងគេ​លំដាប់​ទី ៣ ក្នុង​ពិភពលោក បន្ទាប់ពី ឥណ្ឌា និង វៀតណាម។ ប្រទេស​ថៃ នាំចេញ​អង្ករ​បាន ៦.១២ លាន​តោន​ក្នុង​ឆ្នាំ ២០២១ និង​បានកំណត់​គោលដៅ​នាំចេញ​ឱ្យបាន ៧ លាន​តោន​នៅក្នុង​ឆ្នាំនេះ៕

Advertisement