ក្រុម​ហ៊ុន​ចិន GAC Aion នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​

GAC Aion ​​ជា​​យីហោ​រថយន្ត​អគ្គិសនី​របស់​សាជីវកម្ម​រថយន្ត​ក្វាងចូវ (Guangzhou Automobile Corporation – GAC) ដែល​ជា​អ្នក​ផ្គត់​ផ្គង់​រថយន្ត​អគ្គិសនី​ធំជាងគេ​លំដាប់​ទីពីរ​របស់​ប្រទេស​ចិន​ មាន​គម្រោង​ចាប់ផ្ដើម​ដំឡើង​រថយន្ត​អគ្គិសនី​ដំបូង​ៗ​របស់​ខ្លួន​​នៅ​ខែ​មិថុនា​ 2024​។ ការ​ផលិត​រថយន្ត​អគ្គិសនី​នេះ​នឹង​ធ្វើ​ឡើង​នៅ​រោង​ចក្រ​របស់ GAC Aion ក្នុង​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត​ (EEC) របស់​ប្រទេស​ថៃ​។

នាយក​ប្រតិបត្តិ​របស់ GAC Aion លោក​ Gu Huinan ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​គ្រោង​នឹង​ផលិត​ Aion Y Plus ជា​រថយន្ត​អគ្គិសនី​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​បាងកក​កាល​ពី​ថ្ងៃទី 09 កញ្ញា 2023​។ លោក Guinan និយាយ​ថា ក្រុម​ហ៊ុន​បាន​ស្វែង​យល់​អំពី EEC និង​ជិត​ជ្រើស​រើស​ខេត្ត​ដើម្បី​សាងសង់រោង​ចក្រ​របស់​ខ្លួន​។

យោង​តាម​ Bangkok Post ថៃ​គឺជា​ប្រទេស​ដំបូង​ដែល​​ក្រុម​ហ៊ុន​ចិន​ GAC Aion ជ្រើស​រើសជា​​​ទីតាំង​ដើម្បី​វាយ​លុក​ទីផ្សារ​បរទេស​។ លោក Huinan ដកស្រង់​កត្តា​សំខាន់​បី​ដែល​ជា​មូលហេតុ​នៅ​ពី​ក្រោយ​ការ​សម្រេច​នេះ​៖ រោង​ចក្រ​ផលិត​រថយន្ត​សំខាន់​របស់​អាស៊ាន ទីផ្សារ​រថយន្ត​អគ្គិសនី​កំពុង​រីកចម្រើន​ និង​ការ​ជំរុញ​វិស័យ​រថយន្ត​អគ្គិសនី​របស់​រាជ​រដ្ឋាភិបាល​៕

Advertisement