សក្ដានុពល​ជោគជ័យ​របស់​រថយន្ត​ខ្នាតតូច និង​មធ្យម​ដើរ​ដោយ​អគ្គិសនី​នៅ ប្រទេស​ចិន

រថយន្ត​អគ្គិសនី​បាន និង​កំពុង​គ្រប់គ្រង​ទីផ្សារ​ទាំង​ក្នុង​ប្រភេទ​ប្រណិត ទាំង​ក្នុង​ប្រភេទ​តម្លៃ​ទាប នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​ជាង​ពាន់​លាន​នាក់​មួយ​នេះ។

នៅពេល​រថយន្ត​អគ្គិសនី​កាន់តែ​ពេញនិយម​នៅលើ​ពិភពលោក ការប្រកួតប្រជែង​រវាង​អ្នក​ផលិត​ក៏​កាន់តែ​កើនឡើង​ខ្ពស់។ នៅក្នុង​ប្រទេស​មួយចំនួន បណ្ដា​ក្រុមហ៊ុន​នាំគ្នា​ប្រជែង​តែ​ក្នុង​ប្រភេទ​រថយន្ត​ប្រណិត តម្លៃ​ថ្លៃ និង​កំពុង​រក​វិធី​ដើម្បី​មានប្រៀប​លើ​​គ្នា​ក្នុង​តម្លៃ ខណៈដែល​អ្នក​ផលិត​ផ្សេងទៀត បែរជា​វាយលុក​ទាំង​នៅក្នុង​ប្រភេទ​ប្រណិត ទាំង​ក្នុង​ប្រភេទ​តម្លៃ​ទាប។

នៅ​លោកខាងលិច បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី (នាំមុខ​ដោយ Tesla) សុទ្ធតែ​បានទទួល​ជោគជ័យ​នៅ សហរដ្ឋ​អាម៉េរិក ដោយ​ការបញ្ចេញ​រថយន្ត​ប្រភេទ​ប្រណិត​ទៅ​ក្នុង​ទីផ្សារ និង​ពង្រីក​បន្តិចម្ដងៗ ទៅកាន់​ប្រភេទ​តម្លៃ​ទាប​ដែលមាន​បរិមាណ​ច្រើន។ ឆ្នាំ ២០១៩ រថយន្ត​ប្រភេទ Hybrid (ប្រើប្រាស់​ម៉ា​ស៊ី​ចំហេះ​ក្នុង​មួយគ្រឿង និង​ម៉ូ​ទ័​រអគ្គិសនី​​មួយគ្រឿង) ត្រូវបាន​ដាក់លក់​នៅ សហរដ្ឋ​អាម៉េរិក។ យោងតាម Bloomberg ឆ្នាំ ២០២២ តួលេខ​នេះ​នឹង​កើន​ឡើងដល់ ១.៤ លាន​គ្រឿង។

រថយន្ត​អគ្គិសនី​ Tesla របស់​ សហរដ្ឋ​អាម៉េរិក

នៅឯ ប្រទេស​ចិន វិញ រថយន្ត​អគ្គិសនី​បាន និង​កំពុង​គ្រប់គ្រង​ទីផ្សារ​យ៉ាង​ពេញទំហឹង ទាំង​ក្នុង​ប្រភេទ​ប្រណិត ទាំង​ក្នុង​ប្រភេទ​តម្លៃ​ទាប។ រថយន្ត Hybrid ប្រមាណ ៥៦៧,០០០ គ្រឿង ត្រូវបាន​លក់​ចេញ​នៅក្នុង​ខែកក្កដា​កន្លងទៅ កើន ១២០% ធៀប​នឹង​មួយខែ​មុន​នោះ។ Bloomberg ព្យាករ​ថា រថយន្ត​អគ្គិសនី​សរុប ៦ លាន​គ្រឿង​នឹងត្រូវ​បានប្រគល់​ដល់ដៃ​អតិថិជន​នៅក្នុង​ឆ្នាំនេះ។

តម្រូវ​ការ​ទីផ្សារ​របស់​រថយន្ត​អគ្គិសនី​អាច​កើនឡើង​ខ្ពស់ជាង​នេះ​បន្តទៀត នាពេលខាងមុខ នៅពេល​អ្នកប្រើប្រាស់​មាន​ចំណាប់អារម្មណ៍​កាន់តែខ្លាំង។ ប្រការនេះ​នឹងធ្វើ​ឱ្យ​បរិមាណ​រថយន្ត​ដើរ​ដោយ​ប្រេងសាំង ត្រូវ​ថយចុះ​យ៉ាង​ឆាប់រហ័ស។

រថយន្តអគ្គិសនី Wuling របស់ ចិន

Bloomberg បាន​វាយតម្លៃថា ក្រុម​អ្នក​ផលិត​រថយន្ត​អគ្គិសនី បាន និង​កំពុង​ទទួល​ជោគជ័យ​ក្នុង​ប្រភេទ​រថយន្ត​អគ្គិសនី​ខ្នាត​ធំ និង SUV នៅ ប្រទេស​ចិន។ ភាពជោគជ័យ​បន្ទាប់​អាចជា​ប្រភេទ​រថយន្ត​អគ្គិសនី​ខ្នាតតូច និង​មធ្យម។ ការប្រកួតប្រជែង​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ចិន សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក នឹង​កាន់តែ «សាហាវ» ថែមទៀត នាពេល​ដ៏​ខ្លី​ខាងមុខ៕

Advertisement